ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ផ្ញើលិខិតថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ផ្ញើលិខិតថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ 

ប៉េកាំង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

តាងនាមរដ្ឋាភិបាល និងប្រជាជនចិន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង សូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតថ្វាយព្រះករុណា និងតាមរយៈ ព្រះករុណា ជូនចំពោះប្រជាជនកម្ពុជាជាបងប្អូន ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។

ក្នុងរយៈពេល ៦៥ឆ្នាំ កន្លងមកនេះ ទំនាក់ទំនងចិន-កម្ពុជា បានបន្តរីកចម្រើនកាន់តែរឹងមាំ ថែមទៀត ទោះបីជាមានការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិក៏ដោយ។ ព្រះករុណា បានបន្តមរតក របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ ក្នុងកិច្ចខិតខំប្រឹងប្រែង និង ការគាំទ្រយ៉ាងខ្ជាប់ខ្ជួន ដើម្បីពង្រឹងមិត្តភាពរវាងកម្ពុជា និងចិន ដែលអាចចាត់ទុកបានថា ប្រទេសចិន ជាមាតុភូមិទី ២ ដែលតែងតែស្វាគមន៍ព្រះអង្គ។ នៅដើមឆ្នាំនេះ ព្រះករុណា និងខ្ញុំបានជួបគ្នានៅប៉េកាំង និងបានផ្លាស់ប្ដូរសារលិខិត សំដៅរួមគ្នាជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យ ថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយ បានសង្កេតឃើញថា កិច្ចសហប្រតិបត្តិការត្បូងពេជ្រចិន-កម្ពុជា មានការរីកចម្រើនយ៉ាងស៊ីជម្រៅ និង ក្នុងវិសាលភាពធំទូលាយ រួមមានវឌ្ឍនភាពនៃគម្រោងបង្កើត “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង “ច្រករបៀងមច្ឆា និងអង្ករ» ក្នុងខណៈដែលសម្រេចបាននូវលទ្ធផលផ្លែផ្កា នៃឆ្នាំមិត្តភាពចិន-កម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត។ ខ្ញុំផ្តល់សារសំខាន់ ខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា និងត្រៀមខ្លួនជាស្រេច ក្នុងការខិតខំប្រឹងប្រែងរួមគ្នា ជាមួយព្រះករុណា ដើម្បីនាំមកនូវជោគជ័យ និងផលប្រយោជន៍ជាក់ស្ដែងបន្ថែមទៀតជូនប្រជាជន នៃ ប្រទេសទាំងពីរ។

សូមឱ្យមិត្តភាពចិន-កម្ពុជា រីកចម្រើនស្រស់បំព្រង និងមានវិបុលភាពជាអមតៈ។

សូមជូនពរព្រះរាជាណាចក្រកម្ពុជាមានវិបុលភាព និងប្រជាជនកម្ពុជាមានសុភមង្គល។

ឯកឧត្តម ស៊ី ជីនពីង

ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ៕

ដោយ ៖ សិលា


ចែករំលែក៖