ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-ចិន បង្កើនទំហំពាណិជ្ជកម្ម ទ្វេភាគីឱ្យកើនឡើងដល់ ១៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ដូចដែលយើងបានឯកភាព កំណត់ក្នុងគោលដៅ

ចែករំលែក៖

ភ្នំពេញ ៖ ខ្ញុំមានមោទកភាពចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់យើង ដែលបានចូលជាធរមាននៅ ឆ្នាំ២០២២ បានជំរុញយ៉ាងខ្លាំងនូវពាណិជ្ជកម្មទ្វេភាគី និងលំហូរវិនិយោគ។ ជាមួយនឹងកិច្ចព្រមព្រៀង នេះ កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន ដើម្បីបង្កើនទំហំពាណិជ្ជកម្ម ទ្វេភាគីឱ្យកើនឡើងដល់ ១៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ដូចដែលយើងបានឯកភាព កំណត់ក្នុងគោលដៅ។ នេះជាប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ខណៈផ្ញើលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ទៅកាន់ លោក លី ឈាង នាយករដ្ឋមន្តី សាធារណរដ្ឋប្រជាមានិតចិន។ 

សម្តេចតេជោ បានបន្តថា : ទំនាក់ទំនងការទូតរបស់យើងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ ប៉ុន្តែតាមពិតចំណងទាក់ទងជា ប្រពៃណីនេះ បានកើតមានតាំងពីរាប់សតវត្សរ៍មុនមកម៉្លេះ។ តាមរយៈប្រវត្តិសាស្ត្រដ៏យូរអង្វែងនេះ ថ្នាក់ដឹកនាំជំនាន់ក្រោយៗ នៃប្រទេសទាំងពីរបានថែរក្សា និងពូនជ្រំបានយ៉ាងខ្ជាប់ខ្ជួននូវទំនាក់ទំនង នេះ ដែលធ្វើឱ្យប្រទេសយើងទាំងពីរមានចំណងមិត្តភាពដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាលើវិស័យជាច្រើន នាពេលបច្ចុប្បន្ន។

សម្តេចមានប្រសាសន៍ថា : ទំនាក់ទំនងទ្វេភាគីរបស់យើង ដែលបានកសាងឡើងឈរលើមូលដ្ឋានដ៏រឹងមាំ នៃទំនុកចិត្តផ្នែក នយោបាយ និងការគោរពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព និងអធិបតេយ្យភាព បានបន្តរីកចម្រើន កាន់តែរឹងមាំឡើងៗ និងបានវិវឌ្ឍទៅជាមិត្តភាពដែកថែប ដែលត្រូវបានគាំទ្រដោយការផ្លាស់ប្ដូរ ទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ រួមទាំងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ និងការគាំទ្រគ្នាទៅវិញ ទៅមកទាន់ពេលវេលា ក្នុងគ្រប់កាលៈទេសៈទាំងអស់។

ដំណើរទស្សនកិច្ចភ្លាមៗមិនបានគ្រោងទុករបស់ខ្ញុំទៅកាន់ទីក្រុងប៉េកាំង នៅដើមឆ្នាំ២០២០ ដើម្បី បង្ហាញពីការគាំទ្ររបស់កម្ពុជា ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ក្នុងដំណាក់កាលដំបូង នៃការផ្ទុះ រាលដាលជំងឺរាតត្បាតសកលកូវីដ-១៩ និងការគាំទ្រទាន់ពេល និងធំធេងរបស់ចិន សម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីភាពរឹងមាំ នៃសាមគ្គីភាព និង មិត្តភាពដែកថែបរបស់យើង ជាពិសេស ក្នុងស្ថានភាពលំបាក។

សម្តេចតេជោបន្តថា , ខ្ញុំកត់សម្គាល់ជាមួយនឹងការពេញចិត្តយ៉ាងខ្លាំងផងដែរ ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា របស់យើង ក្នុងផ្នែកសេដ្ឋកិច្ច ដែលបានផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ប្រទេស និងប្រជាជន យើងទាំងពីរ។ ក្រៅពីភាពជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ចិនបច្ចុប្បន្នជាកម្លាំងចលករដ៏ សំខាន់នៃការជំរុញការវិនិយោគទុនផ្ទាល់ពីបរទេស និងជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ដ៏ធំចំពោះកម្ពុជា ៕ 

ដោយ ៖ សិលា


ចែករំលែក៖