ខេត្តក្រចេះ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងដឹកឈើបម្រុងឆ្ពោះទៅប្រទេសវៀតណាមតាមច្រករបៀងក្នុងស្រុកស្នួល ខេត្តក្រចេះត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបបានភ្លាមៗ។
ប្រតិបត្តិការបង្ក្រាបនេះកម្លាំងជំនាញរួមសហការជាមួយមន្រ្តីបរិស្ថានដែនជម្រកសត្វព្រៃសំបូរធ្វើឡើងនៅវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ។
លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកក្កដានេះថា រថយន្តរងការបង្ក្រាបខាងលើម៉ាក LEXUS LX ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ២Q-០៧០៨ ដឹកឈើអារលេខ១ប្រភេទសុក្រំចំនួន១៣សន្លឹកស្មើនឹង១ម៉ែត្រគូប២៥០ ត្រីគុណ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើឡើយ។
ក្រោយការបង្ក្រាប កម្លាំងជំនាញបាននាំយកទៅរក្សាទុកបណ្តោះអាសន្ននៅ សង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងដើម្បីចាត់ការតាមនីតិវិធីច្បាប់ព្រៃឈើ៕
ដោយ ៖ ជីវ័ន្ត