ភ្នំពេញ ៖ នេះបើយោងតាមតួលេខគិតត្រឹមម៉ោង៦៖២៥នាទី ល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
លោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមការងារប្រតិកម្មព័ត៌មាន គ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន នាព្រលប់ ឱ្យដឹងថា រហូតដល់ពេលនេះ អត្រាអ្នកបោះឆ្នោតបណ្តោះអាសន្ន មានចំនួន មានចំនួន ៨ ២១៣ ២៦០នាក់ ស្មើ ៨៤,៥៨% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត ខណៈគ.ជ.ប កំពុងបន្តបូកសរុប។
លោកថា : អត្រាអ្នកបោះឆ្នោត បណ្តោះអាសន្ន ពេលនេះមានចំនួន ៨ ២១៣ ២៦០នាក់ ស្មើ ៨៤,៥៨% នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត, អត្រានេះខ្ពស់ជាងឆ្នាំ២០២២ និងឆ្នាំ២០១៨ ។
សូមបញ្ជាក់ថា : ខាងក្រោមជាតួលេខ លទ្ធផលបោះឆ្នោត កាលពីឆ្នាំ២០១៨ និងឆ្នាំ២០២២៖
-ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ កាលពីឆ្នាំ២០១៨ នាថ្ងៃទី២៩ ខែកក្កដា ពេលនោះប្រជាពលរដ្ឋទៅបោះឆ្នោតមានចំនួន ៦,៩៥៦,៩០០នាក់ ស្មើនឹង ៨៣.០២ ភាគរយ ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតសរុបចំនួន ៨ ៣៨០ ២១៧នាក់ (១០០%)។
– ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីឆ្នាំ២០២២ មានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧ ៣៩៤ ៤២៧នាក់ ស្មើនឹង៨០.៣២ភាគរយ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ចំនួន ៩ ២០៥ ៦៨១នាក់ (១០០%)។
សូមបញ្ជាក់ថា : ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨។
ដោយឡែកចំនួនអាសនៈសភាសម្រាប់ការបោះឆ្នោតអាណត្តិទី៧ មានចំនួន១២៥អាសនៈ។
មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨ រួមមាន :
១៖ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
២៖ គណបក្ស ខ្មែរតែមួយ
៣៖ គណបក្ស សញ្ជាតិកម្ពុជា
៤៖ គណបក្ស ខ្មែររួបរួមជាតិ
៥៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ
៦៖ គណបក្ស កសិករ
៧៖ គណបក្ស ស្ត្រីដើម្បីស្ត្រី
៨៖ គណបក្ស ខ្មែរឈប់ក្រ
៩៖ គណបក្ស ហ៊្វុនស៉ិនប៉ិច
១០៖ គណបក្ស ធម្មាធិបតេយ្យ
១១៖ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន
១២៖ គណបក្ស បំណងពលរដ្ឋ
១៣៖ គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៤៖ គណបក្ស ឯកភាពជាតិខ្មែរ
១៥៖ គណបក្ស ខ្មែរអភិរក្ស
១៦៖ គណបក្ស យុវជនកម្ពុជា
១៧៖ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៨៖ គណបក្ស ប្រជាជនកម្ពុជា ៕
ដោយ : សិលា