ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោក ឈាន ហុងសាន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅទីស្តីការក្រសួង។
លោកអនុរដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងអន្ដរជាតិ នៃគណៈកម្មាធិការកណ្ដាលគណបក្សកុម្មនីយចិន បានអះអាងថា តាមរយៈការសង្កេតមើលប៉ុន្មានថ្ងៃកន្លងទៅ គឺការបោះឆ្នោតលើកនេះមានសណ្តាប់ធ្នាប់ល្អ យើងបានឃើញថា កិច្ចការត្រៀមនៃការបោះឆ្នោតប្រព្រឹត្តទៅឱ្យបានល្អជាពិសេស ការងារបោះឆ្នោតបានធ្វើតាមច្បាប់នានានៃប្រទេសកម្ពុជា។
លោក Qian Hongshan បានថ្លែងថា៖ «ក្នុងដំណើរការបោះឆ្នោតយើងឃើញថា អ្នកមានសិទ្ធិទៅបោះឆ្នោតបានគោរពច្បាប់ និងគោរពបទបញ្ជាពាក់ព័ន្ធ ហើយអ្នកមានសិទ្ធិទៅបោះឆ្នោតក៏បានចូលរួមទៅបោះឆ្នោតយ៉ាងសកម្ម ក្រៅពីនេះយើងឃើញថាដំណើរការនៃការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ព្រមទាំងការិយាល័យបោះឆ្នោត និងការរាប់សន្លឹកឆ្នោតមានភាពម៉ត់ចត់ យើងអាចឃើញថាដំណើរការនៃការសង្កេតមើលយើងបានបង្ហាញថាព្រឹត្តិការណ៍នយោបាយលើកនេះ ជាព្រឹត្តិការណ៍មួយដែលមានយុត្តិធម៌ និងតម្លាភាព»។
អនុរដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងអន្ដរជាតិ នៃគណៈកម្មាធិការកណ្ដាលគណបក្សកុម្មនីយចិន ក៏បានបង្ហាញការចាប់អារម្មណ៍ថា ក្តីសង្ឃឹមដ៏ល្អរបស់ប្រជាជនកម្ពុជា តាមរយៈលទ្ធផលនៃការបោះឆ្នោតបឋមដែលបានផ្សព្វផ្សាយ បានឃើញថាអត្រានៃការចូលរួមបោះឆ្នោតរបស់ប្រជាជនកម្ពុជា ជិត៨៤ភាគរយ នេះបានបង្ហាញថាប្រជាជនកម្ពុជា ដែលមានភាពសកម្មក្នុងការចូលរួមបោះឆ្នោត និងចូលរួមនយោបាយ ហើយអត្រាចូលរួមបោះឆ្នោតមានកម្រិតខ្ពស់នេះ បានបង្ហាញឆន្ទៈ នៃមតិប្រជាជន។
លោក Qian Hongshan បានបញ្ជាក់ថា តាមរយៈការចូលរួមបោះឆ្នោតយ៉ាងច្រើនពីសំណាក់ប្រជាជនកម្ពុជា មិនត្រឹមតែជាការវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់គណបក្សកាន់អំណាច ក៏បានបង្ហាញឆន្ទៈនៃក្តីសង្ឃឹមរបស់ប្រជាជនចំពោះអនាគតរបស់ពួកគាត់ជាដើម។
អនុរដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងអន្ដរជាតិ នៃគណៈកម្មាធិការកណ្ដាលគណបក្សកុម្មនីយចិន បានបន្តថា៖ «ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា យើងឃើញថាការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា រក្សាល្បឿនលឿន ប្រជាជនមានជីវភាពធូរធា ល្អប្រសើរពីមួយថ្ងៃ ទៅមួយថ្ងៃ។ លទ្ធផលបឋមនៃការបោះឆ្នោតក៏បានបង្ហាញថា ប្រជាជនពេញចិត្តនឹងការកាន់អំណាចរបស់គណបក្សនយោបាយនៅកម្ពុជា»។
លោក Qian Hongshan បានគូសបញ្ជាក់ថា ទន្ទឹមគ្នានេះអ្នកដែលមានសិទ្ធិបោះឆ្នោតតាមរយៈការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៧ បានបង្ហាញខ្លួនឯងថា មានក្តីសង្ឃឹមខ្ពស់សម្រាប់រដ្ឋសភា អាណត្តិថ្មី សម្រាប់រាជរដ្ឋាភិបាល អាណត្តិថ្មី ប្រជាជនកម្ពុជា បច្ចុប្បន្នមានគំនិតរួមមួយក្នុងសង្គម គឺស្វែងរកសន្តិភាព ស្វែងរកការអភិវឌ្ឍ៕
ដោយ : សហការី