ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ ជនសង្ស័យចំនួន ១១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ បានថ្លែងបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ១១នាក់នោះ មាន ០២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ០២ករណី និងជនសង្ស័យ ០៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ០៤ករណី។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ៕
ដោយ៖សហការី