ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត​! ចៅក្រម​សាលាដំបូង​ខេត្ត​កំពង់​ស្ពឺ​ សម្រេច​ឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារខេត្ត​ពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ»

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​ បានឱ្យដឹងថា​ បុរសម្នាក់ដែលចេញវីដេអូប្រមាថដល់ព្រះមហាក្សត្រនោះ​ ត្រូវ​បាន​ចៅក្រម​ស៉ើបសួរ​សាលាដំបូងខេត្ត​កំពង់ស្ពឺ​ សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​ដាក់ពន្ធនាគារខេត្តកំពង់ស្ពឺ​ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ។ 

សូមជម្រាបថា​ ជនជាប់ចោទមានឈ្មោះ ស្វាយ សុផាត បច្ចុប្បន្នមានតួនាទីជាអ្នកសារព័ត៌មាន វ័យ៥០ឆ្នាំ​ បានបង្ហោះវីដេអូប្រមាថដល់ព្រះមហាក្សត្រដែលប្រព្រឹត្តិនៅក្នុងភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។

ប្រភពដដែលបន្តថា​ ជនជាប់ចោទខាងលើនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ» តាមមាត្រា៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌដែលចែងថា នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ ១០លានរៀល។ 

គួរបញ្ជាក់ថា​ ក្នុងវីដេអូដែលបានបង្ហោះនោះលោក ស្វាយ សុផាត បានបបួលព្រះមហាក្សត្រភ្នាល់គ្នាដោយស្នើព្រះមហាក្សត្រដាក់ព្រះកេសព្រះអង្គក្នុងការភ្នាល់ជាមួយខ្លួនផង ដែលនេះជាភាសាប្រមាថដែលមិនអាចទទួលបាន៕

ដោយ​៖ សហការី​


ចែករំលែក៖