ព័ត៌មានទាន់ហេតុការណ៍៖

កុមារីអាយុ៥ឆ្នាំម្នាក់ប្រកាច់ស្លាប់ បន្ទាប់ពីអ្នកគ្រូពេទ្យនៅជនបទចាក់ថ្នាំបានពីរម្ជុល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កុមារីអាយុ៥ឆ្នាំម្នាក់ បានប្រកាច់ស្លាប់ភ្លាមៗ បន្ទាប់ពីគ្រូពេទ្យនៅតាមមូលដ្ឋាន បានចាក់ថ្នាំចំនួនពីរម្ជុល ដោយសារតែនាងមានអាការៈក្អក និងក្តៅខ្លួនបន្តិចបន្តួចតែប៉ុណ្ណោះ។

កុមារីរងគ្រោះឈ្មោះ គឹម ចាន់តី អាយុ៥ឆ្នាំ មានទីលំនៅក្នុងភូមិចំបក់ប្រាសាទ ឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នាងបានស្លាប់បន្ទាប់ពីឪពុក ម្ដាយបានដឹកយកទៅព្យាបាល នៅផ្ទះគ្រូពេទ្យឯកជនម្នាក់ ស្ថិតក្នុងភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ។

លោក យឹម សុផល អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានប្រាប់នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៣ថា ករណីនេះកើតឡើងតាំងពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ មកម៉្លេះ លោកទើបតែទទួលបានព័ត៌មាននៅព្រឹកថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយសារតែឪពុក ម្ដាយជនរងគ្រោះទើបតែបានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាល កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា។

លោកអធិការងបានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ បើតាមព័ត៌មានដែលលោកទទួលបាន គឺដំបូងឡើយឪពុកម្ដាយកុមារីរងគ្រោះបានយកកុមារីរងគ្រោះមកព្យាបាលនៅផ្ទះគ្រូពេទ្យឯកជនម្នាក់ឈ្មោះ ហូ ថុង ភេទស្រី អាយុ ៤៥ឆ្នាំមានទីលំនៅក្នុងភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ។

បន្ទាប់ពីអ្នកគ្រូពេទ្យបានចាក់ថ្នាំនៅលើភ្លៅទាំងសងខាងរបស់កុមារីរងគ្រោះ ចំនួន២ម្ជុលរួចមក ធ្វើឱ្យកុមារីរងគ្រោះមានអាការៈស្លរឈាមភ្លាមៗ ពេលឃើញដូច្នេះគ្រូពេទ្យរូបនោះក៏បានដាក់សេរ៉ូមមួយកំប្លោក ហើយឱ្យឪពុកម្ដាយដឹកកុមារីរងគ្រោះតាមម៉ូតូបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់។

លោកអធិការរងបានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ឆ្លងតាមការពិនិត្យស្រាវជ្រាវឃើញថា គ្រូពេទ្យឯកជនម្នាក់នេះធ្លាប់ធ្វើការព្យាបាលនៅក្នុងមូលដ្ឋានជាយូរឆ្នាំមក ហើយ ដោយមិនមានច្បាប់អនុញ្ញាតពីមន្ទីរ ឬក្រសួងសុខាភិបាលនោះទេ នឹងក៏មិនបានឆ្លងកាត់វគ្គបណ្ដុះ បណ្ដាលជំនាញវិជ្ជាជីវៈផ្នែកពេទ្យនោះដែរ។

មកដល់ពេលនេះគ្រូពេទ្យខាងលើនេះ ក៏បានរត់គេចខ្លួនចេញពីមូលដ្ឋានកាលពីព្រឹកមិញដោយមិនដឹងថាគាត់ ទៅពួនសម្ងំលាក់ខ្លួននៅទីណានោះទេ សមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវជាបន្ត តែករណីនេះដែរ លោកនឹងកំពុងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី។

នៅរសៀលថ្ងៃទី២៤ខែកក្កដា មន្ត្រីមន្ទីរពេទ្យបង្អែកខេត្តបានឲ្យដឹងថា ករណីកុមារីខាងលើ គឺពិតជាបានបញ្ជូនមកកាន់ មន្ទីរពេទ្យបង្អែកខេត្តពិតមែន តែមុននិងមក ដល់មន្ទីរពេទ្យ កុមារីនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះដោយអស់ពីលទ្ធភាពដែរ តែមិនអាចជួយសង្គ្រោះបាន។ ខណៈនោះដែរខាងមន្ទីរពេទ្យបង្អែកខេត្តក៏បានចាត់ឱ្យរថយន្តរបស់មន្ទីរពេទ្យជួយដឹកសពកុមារីរងគ្រោះត្រឡប់ទៅលំនៅឋានវិញដោយមិនគិតសេវាអ្វីឡើយ៕

ដោយ៖ សូរិយា


ចែករំលែក៖