ទាហានម្នាក់នៅក្នុងប្រទេសកុងហ្គោបានបើកការបាញ់ប្រហារទៅលើសមាជិកគ្រួសារនិងអ្នកដទៃដោយបានសម្លាប់ប្រពន្ធរបស់គាត់ និងមនុស្សចំនួន១២ នាក់ ក្នុងនោះមានកូនចំនួន ១០នាក់។
យោងតាមមន្ត្រីខេត្ត Ituri បាននិយាយថា កងទ័ពនៅភាគឦសានប្រទេសកុងហ្គោបានបើកការបាញ់ប្រហារទៅលើសមាជិកគ្រួសារ និងអ្នកផ្សេងទៀត ដោយសារតែពួកគេបានកប់កូនប្រុសរបស់គាត់មុនពេលគាត់អាចត្រឡប់ទៅផ្ទះវិញសម្រាប់ពិធីបុណ្យសព ។
ការបាញ់ប្រហារនេះបានបណ្តាលឱ្យមនុស្ស១៣នាក់ស្លាប់ ក្នុងនោះមានប្រពន្ធឃាតកនិងកូន១០នាក់ កុមារពីរនាក់ក្នុងចំណោមក្មេង១០នាក់ដែលត្រូវបានគាត់បាញ់សម្លាប់គឺជាកូនរបស់គាត់ផ្ទាល់។
អ្នកនាំពាក្យយោធានៅខេត្ត Ituri លោក Jules Nongo បាននិយាយថា បន្ទាប់ពីបានបាញ់សម្លាប់សមាជិកគ្រួសារហើយ ទាហាននោះបានតម្រង់កាំភ្លើងរបស់គាត់ទៅលើអ្នកដទៃ។ អត្តសញ្ញាណរបស់ជនដៃដល់មិនត្រូវបានបញ្ចេញទេ។
យោងតាមមេភូមិ Baraka Muguwa Oscar ទាហានរូបនេះបានត្រឡប់ទៅផ្ទះនៅខេត្ត Ituri ដើម្បីចូលរួមពិធីបុណ្យសពកូនប្រុសរបស់គាត់ដែលបានស្លាប់ដោយសារមូលហេតុធម្មជាតិកាលពីពាក់កណ្តាលសប្តាហ៍មុន។ ទោះជាយ៉ាងណាគាត់ខឹងដែលកូនគាត់ត្រូវគេបញ្ចុះដោយគ្មានការយល់ព្រមនិងអវត្តមានគាត់។
កងទ័ពកុងហ្គោបានបញ្ជូនកងកម្លាំងដើម្បីចាប់ខ្លួនទាហានដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ដែលបានរត់គេចពីកន្លែងកើតហេតុបន្ទាប់ពីការបាញ់ប្រហាររួចមក៕
ដោយ៖ ធីរីណា(រូបថត៖ NLDO)