ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា​ឈ្នះឆ្នោត​ អាជីវករសង្ឃឹមថា ការលក់ដូរនឹងប្រសើរឡើងថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ ក្រុម​អាជីវករនៅរាជធានីភ្នំពេញ បានបង្ហាញការពេញចិត្ត និងសង្ឃឹមថា ការប្រកប​អាជីវកម្ម​នឹង​ល្អ​ប្រ​​សើរឡើងថែមទៀត ជាពិសេសទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើនមកកាន់កម្ពុជា​ ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ត្រូវបានបញ្ចប់​ដោយ​ជោគ​ជ័យ ជាមួយលទ្ធផលបឋមថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​នោះជាក់ស្ដែងអាជីវករលក់វត្ថុអនុស្សាវរីយ៍ និងគ្រឿងចម្លាក់នៅផ្សារទួលទំពូងជា​ច្រើន​នាក់​ បាននិយាយ​ប្រហែល​គ្នានៅព្រឹកថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ​២០២៣នេះថា៖ គិតមកដល់ពេលនេះ ការ​ប្រកប​អាជីវកម្ម​មាន​រយៈពេលប្រមាណ ១៧ឆ្នាំ ដោយលក់ដាច់ភាគច្រើនគឺភ្ញៀវមកពីក្រៅស្រុក។ និយាយ​ដល់ការបោះឆ្នោត ក្រុម​អាជីវករទាំងនោះ​ ទន្ទឹងរងចាំអស់រយៈពេល ៥ឆ្នាំ ដើម្បី​ទៅ​ចូល​រួមបោះឆ្នោតនេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលបាន​ដឹក​នាំ​ប្រទេស​ឲ្យ​មាន​ការរីកចម្រើនជាបន្តបន្ទាប់ និងធ្វើឲ្យការរស់នៅប្រកបដោយសុខសន្តិភាព។

 ដោយឡែកអាជីវករលក់រូបគំនូរ លោក ហ៊ួយ សីហា និងអ្នកស្រី សុខ ធីតា អាជីវករ​លក់​សម្លៀក​បំពាក់ កាបូប និងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀតក្នុងផ្សារទួលទំពូងនេះ បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា ទៅថ្ងៃអនាគតខាងមុខ អ្វីដែលពួកគាត់ចង់បាន និងចង់ឃើញបន្តទៀត គឺចង់​ឃើញ​ការ​ដឹកនាំប្រទេសឲ្យមានការរីចកម្រើនទៅមុខបន្ថែមទៀត ជាពិសេស ទាក់ទាញ​ភ្ញៀវ​ទេសចរ ​និងអ្នកវិនិយោគឲ្យមកកម្ពុជាកាន់តែច្រើនឡើង ដើម្បីបង្កើតការងារ និង​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ។ល។

គួរបញ្ជាក់ថា​ ចំពោះ​លទ្ធផលការបែងចែកអាសនៈក្រៅផ្លូវការ ក៏បានបង្ហាញឱ្យឃេីញថា៖ គណបក្សប្រជាជនកម្ពុជា ទទួល​បានសំឡេងច្រើនលើសលុប ចំនួន ១២០អាសនៈ​។ ចំណែក​ឯគណបក្សហ៊្វុនស៊ិនប៉ិច ទទួល​បាន ៥អាសនៈផងដែរ៕ ដោយ៖ សហការី​

រូបភាព​៖BTV


ចែករំលែក៖