ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនបុរសម្នាក់ ដោយសង្ស័យជាមុខសញ្ញាប្លន់នារីៗធ្វើការពេលយប់ដោយវិធីល្បួងឡើងរថយន្តរបស់ខ្លួន

ចែករំលែក៖

    ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេចោទប្រកាន់ថាជាចោរប្លន់ ដែលប្រើវិធីនាំនារីធ្វើការពេលរាត្រីចូលរថយន្តរបស់ខ្លួន ហើយដឹកចេញទៅក្រៅ រួចធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិច្រើនដងតែគ្មានចំណាត់ការពីសមត្ថកិច្ច។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារទី២៥ ខែកក្កដា ឆ្នាំ២០២៣។

    ទីតាំងកើតហេតុស្ថិតនៅចំណុចទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ជនសង្ស័យមានឈ្មោះ សុខ រតនា ភេទប្រុស អាយុ៣៣ឆ្នាំ ដែលមានមុខរបរជាអ្នកលក់ដី រស់នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

    យោងតាមប្រភពព័ត៌មានពីនារីរងគ្រោះម្នាក់ក្នុងចំណោមនារីរងគ្រោះជាច្រើននាក់ផ្សេងទៀតបានអោយដឹងថា៖ ខ្លួនជាអ្នកធ្វើការតាមបារនាពេលរាត្រី នៅក្នុងមូលដ្ឋានសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ធ្លាប់ត្រូវបានជនសង្ស័យខាងលើប្លន់យកទូរស័ព្ទដៃស្មាតហ្វូន និងខ្សែកចំនួន០២ខ្សែ រួមទាំងថវិកាមួយចំនួន ដោយជនសង្ស័យបានប្រើវិធីសាស្ត្រចូលមកក្នុងបារ រួចហៅអីហូប បន្ទាប់មកក៏អោយធីប រួចបបួលនាងទៅបន្តផឹកស៊ីនៅខាងក្រៅ ដោយសន្យាអោយលុយច្រើនជាងនេះ។ លុះនារីរងគ្រោះព្រមឡើងរថយន្ត ជនសង្ស័យក៏បានដឹកនាងទៅកន្លែងស្ងាត់ រួចធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់ក្បាលគំរាមសម្លាប់ដើម្បីប្លន់យកទូរស័ព្ទដៃ រួមទាំងខ្សែកនិងលុយមួយចំនួន ជាថ្នូរនៃការមិនបាញ់សម្លាប់។

    នារីរងគ្រោះបានបន្តថា៖ ដោយភ័យខ្លាចគេបាញ់សម្លាប់ក៏បានប្រគល់ទ្រព្យសម្បត្តិដែលមានលើខ្លួនទាំងប៉ុន្មាន អោយទៅជនសង្ស័យខាងលើ រួចត្រូវបានជនសង្ស័យដេញចេញពីរថយន្តអោយដើរត្រឡប់ទៅផ្ទះដោយខ្លួនឯង ព្រមទាំងគំរាមមិនអោយប្រាប់សមត្ថកិច្ច បើពុំដូច្នោះនឹងតាមសម្លាប់។

    នារីរងគ្រោះជាច្រើននាក់ទៀតបានប្រាប់សាច់រឿងដូចៗគ្នា ដោយលើកឡើងថា​៖ ជនសង្ស័យខាងលើបានប្រើវិធីសាស្ត្រដដែលៗ ដោយល្បួងនារីៗដែលរកស៊ីធ្វើការពេលរាត្រីអោយឡើងរថយន្តរបស់ខ្លួន ដោយនាំពួកគេទៅផឹកស៊ីបន្ត និងសន្យាផ្តល់លុយច្រើនៗជូន តែផ្ទុយទៅវិញបែរជានាំនាងទៅកន្លែងស្ងាត់រួចប្លន់តាមផ្លូវសោះ។ មិនត្រឹមតែប៉ុណ្ណោះ ជនសង្ស័យបានប្តូរមធ្យោបាយដោយប្រើប្រាស់រថយន្តផ្សេងគ្នា ពេលខ្លះនាំនារីម្នាក់ទៀតមកជាមួយផងដែរ។

   ករណីនេះបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនារីៗធ្វើការពេលរាត្រី បានទៅប៉ុស្តិ៍ប៉ូលិសទាមទារដាក់ពាក្យបណ្តឹង តែប៉ូលិសបែរជារុញដាក់គ្នា ដោយដំបូងនាំជនសង្ស័យទៅប៉ុស្តិ៍ផ្សារកណ្តាលទី១ តែត្រូវប៉ូលិសមូលដ្ឋានរុញអោយទៅប៉ុស្តិ៍ជ័យជំនះ លុះមកដល់ប៉ុស្តិ៍ជ័យជំនះ ត្រូវបានប៉ូលិសរុញអោយទៅផ្សារកណ្តាលវិញ ធ្វើអោយប្រជាពលរដ្ឋមានការមិនសុខចិត្ត និងបានលើកឡើងថាប៉ូលិសហាក់បីដូចជាមិនអើពើប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់របស់ខ្លួនសោះ។

   ក្រោយពេលទាស់ទែងពាក្យសម្តីជាច្រើនជាមួយសមត្ថកិច្ច សមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនបុរសសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ដើម្បីដោះស្រាយនៅទីនោះ រួចធ្វើការសាកសួរទាំងជនសង្ស័យទាំងនារីរងគ្រោះអំពីដំណើរនៃសាច់រឿងទើបដឹងថា៖ នារីៗដែលធ្លាប់បានរងគ្រោះដោយសារករណីនេះមានច្រើននាក់ តែរាល់ពេលដែលខ្លួនត្រូវបានគេប្លន់មិនដែលបានមកដាក់ពាក្យបណ្តឹងនោះទេ លុះដល់ពេលឃាត់ខ្លួនបុរសសង្ស័យបាន បែរជាមកដាក់ពាក្យបណ្តឹងភ្លាមៗដោយគ្មានភស្តុតាងបញ្ជាក់ ធ្វើអោយកម្លាំងសមត្ថកិច្ចពិបាកក្នុងការដោះស្រាយ។ 

   បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនបុរសសង្ស័យនៅក្នុងប៉ុស្តិ៍ជាបណ្តោះអាសន្នសិន ដើម្បីធ្វើការសាកសួរបន្តនិងអនុវត្តតាមនីតិវិធីច្បាប់នៅពេលក្រោយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖