ភ្នំពេញ ៖ លោក ជា ច័ន្ទបរិបូរណ៍ អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយ មានប្រសាសន៍ថា ចលនារបស់ប្រជាពលរដ្ឋ ដែលនាំគ្នាចេញទៅបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ គឺមានចំនួនយ៉ាងច្រើនកុះករ ដែលចំនួននេះគឺជាការត្បកក្បាលក្រុមប្រឆាំងជ្រុលនិយម ពិសេសគឺទណ្ឌិតក្បត់ជាតិ ៣ជំនាន់។ នៅក្នុងឱកាសនេះលោក បានទទូចដល់បរទេសសូមបញ្ចប់ការគាំទ្រទណ្ឌិតក្បត់ជាតិ ៣ជំនាន់បន្តទៀត ពីព្រោះការបន្តគាំទ្រទណ្ឌិតក្បត់ជាតិនេះ នឹងបង្កើតកំហុសទី៣ ចំពោះប្រជាជនកម្ពុជា។
លោក ជា ច័ន្ទបរិបូរណ៍ ថ្លែងថា ៖«និយាយជារួមគឺជោគជ័យរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ប្រសិនបើយើងនិយាយពីចលនាប្រឆាំងនិងការបោះឆ្នោត គឺមានដ៏តិចតូចបំផុត។ នៅក្នុងសង្គមប្រជាធិបតេយ្យសំឡេងដ៏តិចតូចនេះគឺមិនអាចទាញ ឬបន្តយកប្រៀបលើសំឡេងដ៏ច្រើននោះទេ។ ហើយឆ្លៀតក្នុងឱកាសនេះដែរខ្ញុំសូមអំពាវនាវដល់អន្ដរជាតិទាំងអស់ សូមអស់លោកឈរនៅខាងសំឡេងភាគច្រើន មិនត្រូវឈរនៅខាងសំឡេងប្រឆាំងនោះទេ។ សំឡេងប្រឆាំងតាមបែបក្រុមនិន្នាការ សម រង្ស៊ី និយមនេះគឺជាសំឡេងបំផ្លាញជាតិមាតុភូមិ។ បើសិនអស់លោកផ្អៀងទៅក្រុមបំផ្លាញជាតិនេះ អស់លោក នឹងប្រព្រឹត្តកំហុសជាលើកទី៣លើប្រជាជនកម្ពុជា។ នេះគ្រាន់ជាសារជូនអស់លោកទាំងឡាយ ក្រែងលោកគាំទ្រក្រុមបំផ្លាញជាតិ ដែលមានមេក្លោង សម រង្ស៊ី នេះបន្តទៀត»។
លោក ជា ច័ន្ទបរិបូរណ៍ បន្តថា កំហុសរបស់បរទេស លើកទី១ គឺ ការគាំទ្រលោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះបរមរតនកោដ្ឋ ព្រះនរោត្ដម សីហនុ ពីព្រះប្រមុខរដ្ឋ ធ្វើឲ្យភ្លើងសង្រ្គាមឆេះឡើងនៅកម្ពុជា។ ទី២ ក្រុមបរទេស បានគាំទ្រក្រុមប្រល័យពូជសាសន៍ ប៉ុលពត នៅអង្គការសហប្រជាជាតិ ហើយបានដាក់ទណ្ឌកម្មលើសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា រហូតដល់ឆ្នាំ១៩៩១ ដែលបរទេសគួរតែចងចាំ ហើយមិនត្រូវបង្កើតកំហុសទី៣ មកលើកម្ពុជាឡើយ។
លោកបន្តថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី០៧ ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋយ៉ាងច្រើនបានចេញទៅបោះឆ្នោត ដែលមានរហូតដលជាង ៨៤ភាគរយ នៃចំនួនពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺបានបង្ហាញពីភាពបរាជ័យយ៉ាងធ្ងន់ធ្ងររបស់ក្រុមប្រឆាំងជ្រុលនិយម ពិសេសគឺទណ្ឌិតក្បត់ជាតិ៣ជំនាន់៕
ដោយ ៖ សហការី