ព័ត៌មានទាន់ហេតុការណ៍៖

សម្ពន្ធយុវជនស្រលាញ់សន្តិភាព បានដាក់អ្នកសង្កេតការណ៍សរុប៥៥៥៣នាក់ចូលរួមសង្កេតការណ៍នៅទូទាំងប្រទេស នូវដំណើរការបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍គាំទ្រ របស់សម្ពន្ធយុវជនស្រលាញ់សន្តិភាពដែលបានដាក់អ្នកសង្កេតការណ៍សរុប៥៥៥៣នាក់ចូលរួមសង្កេតការណ៍នៅទូទាំងប្រទេស នូវដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺគាំទ្រចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។ 

សេចក្ដីថ្លែងការណ៍

ក្នុងបេសកកម្មដើម្បីចូលរួមចំណែក នៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សម្ពន្ធយុវជន ស្រលាញ់សន្តិភាព ដែលបានបញ្ជូនអ្នកសង្កេតការណ៍ទូទាំងប្រទេសចំនួន ៥ ៥៥៣រូប ទៅសង្កេតការណ៍តាម បណ្តាការិយាល័យនានា នៅទូទាំង ២៥រាជធានី-ខេត្ត សូមវាយតម្លៃជាបឋមលើដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ដូច ខាងក្រោម៖

១-អំឡុងពេលបោះឆ្នោត ៖ សម្ពន្ធយុវជនស្រលាញ់សន្តិភាព មានសេចក្តីសោមនស្សរីករាយ ក្រៃលែងដែលបានសង្កេតឃើញស្មារតីសុទិដ្ឋិនិយម ការចូលរួមចំណែកនិងទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋខ្មែរ ភាគច្រើនចំពោះជោគវាសនារបស់ប្រទេសជាតិ ជាពិសេសក្នុងកិច្ចដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃការចូលរួមបញ្ចេញឆន្ទៈជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់ខ្លួន ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ក៏បានកត់សម្គាល់ និងសូមវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ទោះយ៉ាងណាក៏ដោយ យើងខ្ញុំបានសង្កេតឃើញនូវភាពខ្វះខាតតិចតួចជាពិសេសលើការយល់ដឹងមិនច្បាស់ ពីសិទ្ធិអ្នកសង្កេតការណ៍ដោយមន្ត្រីបោះឆ្នោតមួយចំនួនតូច ដែលគួរតែត្រូវយកចិត្តទុកដាក់និងកែលម្អបន្ថែម ទៀត។ ប៉ុន្តែអ្វីដែលយើងខ្ញុំបានកត់សម្គាល់ជារួម គឺឆន្ទះរបស់មន្ត្រីបោះឆ្នោតក្នុងការសម្របសម្រួល ភាពប្រុង ប្រយ័ត្ន និងដោះស្រាយបញ្ហាដោយយកចិត្តទុកដាក់បំផុតស្របតាមច្បាប់ លិខិតបទដ្ឋាននានា ជាពិសេស បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត ចំពោះភាពមិនប្រក្រតីនានាដែលកើតឡើង ឬអាចនឹងកើតឡើង។

២-ការរាប់សន្លឹកឆ្នោត ៖ ដំណើរការរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅដោយមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ រួមមានភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ-អន្ដរជាតិ ក៏ដូចជាភ្នាក់ងារសារព័ត៌មាន។ ចំណុចនេះឆ្លុះបញ្ចាំងពីតម្លាភាពនិងការបើកចំហរនៃដំណើរការរាប់សន្លឹកឆ្នោត។

ជារួម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅក្នុង បរិយាកាសល្អ គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ និងគ្មានការគម្រាមកំហែង។ សម្ពន្ធយុវជនស្រលាញ់សន្តិភាព សូមគាំទ្រនិងចូលរួមអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេស គណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត ដែលបានធានាការប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពនៃ ការបោះឆ្នោតនៅកម្ពុជា និងបានបង្កើតទំនុកចិត្តជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋខ្មែរ (ឆ្លុះបញ្ចាំង តាមរយៈកំណើននៃការបោះឆ្នោតរបស់ប្រជាពលរដ្ឋដែលមានក្នុងបញ្ជីបោះឆ្នោត)និងធ្វើឱ្យមានភាពជឿជាក់ លើគ្រប់ មជ្ឈដ្ឋាន ពាក់ព័ន្ធ ចំពោះដំណើរការប្រជាធិបតេយ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕ 

ដោយ ៖ សហការី


ចែករំលែក៖