ព័ត៌មានទាន់ហេតុការណ៍៖

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ចេញសេចក្តី ប្រកាសព័ត៌មាន បង្ហាញ ពីជោគជ័យ នៃ ការបោះឆ្នោត ជ្រើសតាំង តំណាង រាស្ត្រ នីតិកាល ទី៧!

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ 

វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ក្នុងនាមអ្នកសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ មានកិត្តិយសសូមជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ជ្រាបថា វ.ស.ស. បាន សម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិចំនួន ៣៦០នាក់ មកពីអង្គការមិនមែនរដ្ឋាភិបាលនិងសមាគម ចំនួន៩០ និងអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៥៦នាក់ មកពី ១០ប្រទេស ដើម្បីចូលរួមសង្កេតការណ៍ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ អ្នកសង្កេតការណ៍ជាតិបានចុះទៅដល់ការិយាល័យបោះឆ្នោត ចំនួន ១៨០០ការិយាល័យ និងអ្នកសង្កេតការណ៍អន្តរជាតិបានចុះទៅដល់ការិយាល័យបោះឆ្នោតចំនួន ២៨៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ បានសង្កេតពិនិត្យ និងតាមដាន យ៉ាងយកចិត្តទុកដាក់លើទិដ្ឋភាពទូទៅនៃការបោះឆ្នោត ចាប់ពីពេលបើកការិយាល័យបោះឆ្នោត ពេលកំពុង បោះឆ្នោត ពេលបិទការិយាល័យបោះឆ្នោត និងពេលរាប់សន្លឹកឆ្នោត។ អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិបាន ធ្វើសន្និសីទសារព័ត៌មានបង្ហាញអំពីការសន្និដ្ឋានជារួម ចំពោះដំណើការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២៣ និងព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅរាជធានី ភ្នំពេញ។

លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ក្នុងនាមជាអ្នកសម្របសម្រួលការងារអ្នក សង្កេតការណ៍ជាតិនិងអន្តរជាតិ បានសង្ខេបអំពីខ្លឹមសារនៃមតិសន្និដ្ឋានរបស់អ្នកសង្កេតការណ៍ជាតិនិង អន្តរជាតិថា “តាមការលើកឡើងរបស់អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ សុទ្ធតែបានលើកឡើងនិងអះអាងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា បានប្រព្រឹត្តទៅដោយជោគជ័យ រលូន គ្មាន អំពើហិង្សា និងដោយសន្តិវិធី។ អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ប្រជាជនកម្ពុជា ជាពិសេស គ.ជ.ប. បានរៀបចំដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅដោយជោគជ័យ រលូន និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ពោលគឺប្រកបដោយសន្តិវិធី ត្រឹមត្រូវ មានតម្លាភាព មិនមានការបំភិតបំភ័យ និងគ្មានការប្រកាន់និន្នាការ នយោបាយ។ សេចក្តីអះអាងទាំងឡាយនោះសបញ្ជាក់ថា កម្ពុជាមានភាពចាស់ទុំនិងភាពម្ចាស់ការក្នុងការរៀបចំ ដំណើរការនៃការបោះឆ្នោតរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈខ្ពស់”។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន តំណាងអ្នកសង្កេតការណ៍ជាតិ លោក នង ប៊ុនថេង នាយកអង្គការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ លោក ឡិប វុទ្ធី ប្រធានអង្គការសហការការពារសម្បត្តិធនធានធម្មជាតិ និងលោកស្រី ប្រុស គឹមសៀក ប្រធានសមាគមនិស្សិត បញ្ញវន្តកម្ពុជា-អាស៊ាន បានបង្ហាញអំពីចំណាប់អារម្មណ៍ថា “ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០២៣នេះ បាន ប្រព្រឹត្តទៅដោយត្រឹមត្រូវ សេរី យុត្តិធម៌ និងមានតម្លាភាព។

អ្នកសង្កេតការណ៍មកពីបណ្ដាញអង្គការមិនមែនរដ្ឋាភិបាលចិនសម្រាប់សហប្រតិបត្តិការអន្តរជាតិ (CNIE) បានសន្និដ្ឋានថា “ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានដំណើរការទៅដោយសន្តិវិធី សេរី ត្រឹមត្រូវ មានតម្លាភាព ស្របតាមស្ដង់ដារអន្តរជាតិ រួមមានភាពត្រឹមត្រូវ សន្តិវិធី តម្លាភាព និង បរិយាប័ន្ន“។ ទន្ទឹមនឹងនេះ អ្នកសង្កេតការណ៍មកពីសភាសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៊ី ក៏បានលើកឡើងថា “នៅថ្ងៃបោះឆ្នោត ពុំឃើញមានអំពើហិង្សា ឬបណ្តឹងតវាពីអ្នកបោះឆ្នោត បេក្ខជនគណបក្សនយោបាយ ភ្នាក់ងារ គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ ឬអ្នកសារព័ត៌មានណាមួយឡើយ ហើយក៏មិនមានឃើញកើត មានសកម្មភាពបង្ខិតបង្ខំ គំរាមកំហែង ឬទិញសន្លឹកឆ្នោតឡើយ»។ ក្រុមប្រឹក្សាយុវជនអាស៊ី បានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់។ អ្នកសង្កេតការណ៍អន្តរជាតិបានសង្កេតឃើញថា គ.ជ.ប. បានអនុវត្តតួនាទីរបស់ខ្លួន ក្នុងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ប្រកបដោយវិជ្ជាជីវៈនិងមានប្រសិទ្ធភាពខ្ពស់ តាមរយៈការប្រើប្រាស់នូវនីតិវិធីថ្មីៗ ដូចជាសន្លឹកឆ្នោតសម្រាប់ជនពិការភ្នែក និងការសម្រួលនីតិវិធីសម្រាប់ អ្នកបោះឆ្នោតជាស្ត្រី មានផ្ទៃពោះ ចាស់ជរា និងជនមានពិការភាព»។

វ.ស.ស. សូមធ្វើការកត់សម្គាល់ជារួមចំពោះដំណើរការនៃការបោះឆ្នោត ដូចខាងក្រោម៖ 

១. អត្រាអ្នកបានទៅបោះឆ្នោតដល់ទៅ ៨៤,៥៨% បានឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋដ៏ច្រើនលើសលប់ក្នុង ការជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត និងការវាយតម្លៃជាវិជ្ជមានរបស់អ្នកសង្កេតការណ៍ ជាតិនិងអន្តរជាតិ គឺជាសក្ខីកម្មបង្ហាញពីធម្មមានុរូបនៃការរៀបចំការបោះឆ្នោតនៅកម្ពុជា។ លទ្ធផលដ៏ ត្រចះត្រចង់នេះ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់រាជរដ្ឋាភិបាលថ្មីបន្តដឹកនាំប្រទេសតាមមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីថែរក្សាសន្តិភាព

ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។

២. ការបោះឆ្នោតនេះ មានការចូលរួមសង្កេតការណ៍យ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកសង្កេតការណ៍ ជាតិនិងអន្តរជាតិ រួមទាំងភ្នាក់ងារគណបក្សនយោបាយ ព្រមទាំងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ចាប់តាំងពីពេលបើកការិយាល័យបោះឆ្នោត រហូតដល់ការបិទបញ្ចប់ការរាប់សន្លឹកឆ្នោត ដើម្បីធានាបាន នូវតម្លាភាព ទំនុកចិត្ត ដោយសេរីនិងត្រឹមត្រូវ។ ដំណើរការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយជោគជ័យ រលូន ដោយសន្តិវិធីនិងគ្មានអំពើហិង្សា និងស្របតាមនិយាមនៃលទ្ធិប្រជាធិបតេយ្យអន្តរជាតិ។

៣. ជោគជ័យនៃការរៀបចំការបោះឆ្នោតនេះបានបង្ហាញថា ប្រទេសកម្ពុជាបានឈានដល់ដំណាក់កាលមួយ នៃដំណើរការប្រជាធិបតេយ្យដែលមានភាពចាស់ទុំ។ គ.ជ.ប. បានអនុវត្តតួនាទីនិងភារកិច្ចក្នុងការ គ្រប់គ្រងដំណើរការរៀបចំការបោះឆ្នោតប្រកបដោយការទទួលខុសត្រូវខ្ពស់ ត្រឹមត្រូវ តម្លាភាព ព្រមទាំង មានវិជ្ជាជីវៈ ប្រសិទ្ធភាព និងនវានុវត្តភាព ដើម្បីធានាបាននូវឯករាជ្យភាព អធិបតេយ្យភាព និងមិន ប្រកាន់នូវនិន្នាការនយោបាយ។

ឆ្លៀតក្នុងឱកាសនេះ វ.ស.ស. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និង គ.ជ.ប. ដែលបានខិតខំប្រឹងប្រែងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ជាពិសេសការ ធានាសុវត្ថិភាពនិងសន្តិសុខបានយ៉ាងល្អប្រសើរ សម្រាប់អ្នកបោះឆ្នោត គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ជាតិនិងអន្តរជាតិ។ វ.ស.ស. ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះអ្នកសង្កេតការណ៍ជាតិនិង អន្តរជាតិ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមសង្កេតការណ៍ការបោះឆ្នោតនេះ។

វ.ស.ស. សូមអំពាវនាវដល់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា គោរពលទ្ធផលនៃការបោះឆ្នោត ដែលប្រជាពលរដ្ឋបានសម្រេចបោះឆ្នោតជូន ប្រកបដោយការពេញចិត្ត និងសូម ឱ្យសហគមន៍អន្តរជាតិបន្តសហការជិតស្និទ្ធនិងប្រកបដោយស្ថាបនា ជាមួយប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី ដើម្បីធានានិរន្តរភាពនៃការពង្រឹងនីតិរដ្ឋ ការលើកកម្ពស់អភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងការ អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ៕

ដោយ : សហការី


ចែករំលែក៖