ភ្នំពេញ៖ យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ការដោះដូរពាណិជ្ជកម្មសរុបរបស់កម្ពុជា ជាមួយបណ្តាប្រទេសសមាជិកអាស៊ានសម្រេចបានជាង ៧,១ ពាន់លានដុល្លារ រួមចំណែកប្រមាណ ៣០ភាគរយនៃទំហំពាណិជ្ជអន្តរជាតិសរុប។
របាយការណ៍ដដែល បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាជាមួយប្រទេសសមាជិកអាស៊ាន បានធ្លាក់ចុះ ១៧ ភាគរយ នៅក្នុងឆមាសទី១ ។ ចាប់ពីខែមករា ដល់ខែមិថុនា ការនាំចេញសរុបរបស់កម្ពុជាទៅប្រទេសអាស៊ាន សម្រេចបានជាង ២.៤ ពាន់លានដុល្លារ កើនឡើង ៣៦ ភាគរយ ខណៈការនាំចូលសរុបមានជាង ៤.៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៣១ ភាគរយ។
របាយការណ៍ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់បន្ថែមថា៖ កម្ពុជា បាននាំចេញកសិផល សំលៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអេឡិចត្រូនិក និងកង់ ទៅកាន់ប្រទេសអាស៊ាន ខណៈដែលការនាំចូលមានដូចជាចំណីអាហារ ភេសជ្ជៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក សម្ភារសំណង់ គ្រឿងយន្តកសិកម្ម និងយានជំនិះ។
ចំពោះការដោះដូរទំនិញជាមួយប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់កំពូល ដែលមានទឹកប្រាក់ជាង ៣,៣ ពាន់លានដុល្លារ តាមពីក្រោយដោយប្រទេសថៃ ជាង ១ ពាន់លានដុល្លារ និងប្រទេសសិង្ហបុរីជិត ៨០០ លានដុល្លារ។
គូរបញ្ជាក់ថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ មានទឹកប្រាក់សរុបជាង ២៣.៦ ពាន់លានដុល្លារ ធ្លាក់ចុះ ១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំមុន។
សូមជម្រាបជូនថា ក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រេចបានទឹកប្រាក់សរុបជាង ៦.១ ពាន់លានដុល្លារ កើនឡើង ១៩,៦ ភាគរយបើធៀបឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំទំនិញទៅវៀតណាម មានទឹកប្រាក់ជាង ២.១ពាន់លានដុល្លារ កើន ៩,២ ភាគរយ និងទំនិញវៀតណាមនាំមកកម្ពុជាមានចំនួនជាង ៣.៩ពាន់លានដុល្លារ កើនឡើង ២៦,២ ភាគរយ៕
ដោយ៖ សហការី