ភ្នំពេញ៖ សមត្ថកិច្ចផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញសហការជាមួយកម្លាំងប៉ុស្តិ៍ស្រះចកបានចុះបង្ក្រាបករណីគ្រឿងញៀនមួយករណីក្រោយស្ថានទូតបារាំង ដោយបានឃាត់ខ្លួនស្រ្តីម្នាក់និងដកហូតថ្នាំញៀនចំនួន២៣កញ្ចប់។ ការចុះឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៩នឹង៣០នាទីយប់ ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចខាងក្រោយស្ថានទូតបារាំងផ្លូវបេតុង ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដូនពេញបានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ ទើបសមត្ថកិច្ចផ្នែកជំនាញប្រឆាំងគ្រឿងញៀនខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ បើកការស្រាវជ្រាវឈានដល់ការបង្ក្រាបករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ជា គន្ធី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដនិងមានទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ(ឃាត់ខ្លួន) និងវត្ថុតាងដកហូតរួមមាន ថ្នាំញៀន២៣កញ្ចប់តូច ។
បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យនិងវត្ថុតាងហើយ ពេលនេះសមត្ថកិច្ចកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងរាជធានី ចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ