ព័ត៌មានទាន់ហេតុការណ៍៖

បណ្ដាខេត្តជាប់មាត់សមុទ្រកំពុងប្រឈមជំនន់ទឹកភ្លៀងបង្កហានិភ័យប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកំពត ៖ ស្ថានភាពជំនន់ទឹកភ្លៀងកំពង់វាយលុកបណ្ដាខេត្តជាប់មាត់សមុទ្រនិងខ្សែផ្លូវសំខាន់នានាដែលបង្កឲ្យលំនៅឋានប្រជាពលរដ្ឋមួយចំនួនប្រឈមនឹងការលិចលង់ហើយផ្លូវមួយចំនួនក៏ត្រូវបានផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន។ អាជ្ញាធរតាមបណ្ដាខេត្តកំពុងជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។

នៅថ្ងៃទី ៣០ កក្កដា ២០២៣នេះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានអោយដឹងថា កងកម្លាំងកំពុងជួយសង្គ្រោះអ្នកទេសចរណ៍ដែលបានទៅបោះតង់នៅលើជ្រោះឱមាល់ហើយជាប់មិនអាចឆ្លងមកកន្លែងសុវត្ថិភាពបានដោយសារជំនន់ទឹកភ្លៀងកាលពី យប់មិញ ។ សមត្ថកិច្ចបញ្ជាក់ចុងក្រោយថា បណ្ដាអ្នកទេសចរណ៍ដែលបានទៅបោះតង់នៅលើជ្រោះឱមាល់ បានឆ្លងមកកន្លែងសុវត្ថិភាពហើយ។

ស្ថានភាពជំនន់ទឹកភ្លៀងកំពុងជន់លិចផ្ទះសម្បែង និងភូមិឋានប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងឃុំមួយចំនួនក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។

តាមការបញ្ជាក់ពី លោក ព្រំ គឹមជឺ មេឃុំកំពង់ត្រាចខាងលិច បានឱ្យដឹងថា នៅក្នុងមូលដ្ឋានរបស់លោក ទឹកបានហក់ឡើងខ្ពស់ជាលំដាប់ តាំងពីព្រឹកព្រលឹមមកទល់ម៉ោង ១១ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៣ នេះទឹកឡើងដល់ត្រឹមដើមទ្រូង ឬឡើងដល់ពាក់កណ្ដាលសសរផ្ទះហើយ។ ជាមួយគ្នានេះលោកបានបញ្ជាក់ដែរថា យ៉ាងហោចណាស់ផ្ទះពលរដ្ឋជាង ៥០ខ្នង ត្រូវបានជន់លិចខ្លាំង។

បច្ចុប្បន្ន ប្រជាពលរដ្ឋបានកំពុងជម្លៀសខ្លួនចេញពីការជន់លិច ដោយដឹកជញ្ជូនស្បៀងអាហារ សម្ភារៈមានតម្លៃ និងសត្វចិញ្ចឹម មានដូចជា គោ ជ្រូក មាន់ ទា …ឆ្ពោះទៅ កាន់ទីទួលសុវត្ថិភាព ដែលមានការជួយអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ឃុំ និងស្រុកកំពង់ត្រាចផងដែរ។

លោកមេឃុំ កំពង់ត្រាចខាងលិចបានបញ្ជាក់ថា នេះជាការជន់លិចជាប្រវត្តិសាស្រ្តហើយសម្រាប់ឃុំនេះ ព្រោះតាំងពីដើមរៀងមក ពុំដែលមានទឹកជំនន់ជន់លិចនោះទេ។ ការជន់លិចខាងលើនេះបណ្ដាលមកពីជំនន់ទឹកភ្លៀងដែលហូរមកពីលើភ្នំ បូកផ្សំនឹងភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នា ទើបធ្វើឱ្យទឹកឆ្នាំនេះឡើងធំបែបនេះ។

នៅឯខេត្តកោះកុង នៅថ្ងៃទី ៣០ កក្កដា ២០២៣នេះ ក្រសួងធនធានទឹក និងឧត្តុនិយមបានអោយដឹងថា ដោយមានភ្លៀងនៅតែបន្តធ្លាក់មិនដាច់ ក្នុងកម្រិតពីខ្សោយទៅមធ្យម បណ្តាលឲ្យមានការជន់លិចលង់ផ្លូវលំ ផ្ទះសម្បែងប្រជាពលរដ្ឋ និងដំណាំផ្សេងៗ នៅចំណុចអារែង ថ្មដូនពៅ និងឫស្សីជ្រុំ ក្នុងស្រុកថ្មបាំង។

រីឯខេត្តព្រះសីហនុ អាជ្ញាធរស្រុកកំពង់សីលាបានឱ្យដឹងថា មកដល់ពេលនេះការធ្វើចរាចរណ៍តាមផ្លូវជាតិលេខ ៤ ​នៅចំណុចស្ពានស្ទឹងសំរោង​ ស្រុកកំពង់សីលា បានបិតចរាចរណ៍ទាំងរថយន្តតូច​ ធំផ្អាកធ្វេីដំណេីរទៅមកជាបណ្តោះអាសន្នខណៈទឹកកំពុងឡើងខ្ពស់គិត​មកដល់ វេលា​​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កក្កដា​​​ ឆ្នាំ​២០២៣​ ស្ថាន ភាព​កំពស់ទឹក​នៅចំណុច​ស្ពាន​ស្ទឹង​សំរោង​ ចន្លោះ​គីឡូ ម៉ែត្រ​លេខ​ 115-116​ ក្នុង​ភូមិសាស្ត្រ​​ ភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ទឹក​កំពុង​តែ​ហក់ឡេីងមានកំពស់​ ៦,៥០ ម៉ែត្រ​ពីបាតស្ទឹង​ ​កំពស់​លេីផ្លូវជាតិ​ ៦,៥០ម៉ែត្រ  ហូរកាត់តាម​ បណ្តោយផ្លូវជាតិប្រហែល​ ៣៣០ម៉ែត្រ​,សភាព​ទឹកអាចបន្ត​ឡេីងទៀត រីឯអាកាសធាតុមេឃកំពុងធ្លាក់ភ្លៀងស្រិចៗ​ ។

បច្ចុប្បន្ន​​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​​ស្រុកកំពង់ សីលា​ និង​កម្លាំង​​កងរាជអាវុធហត្ថស្នាក់ការសន្តិសុខ​ ៤០២​  សហការជាមួយ​កម្លាំង​គណះបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា​   ដឹកនាំ​ដោយ​លោក​ ឆាយ​ សុគន្ធ​ដា​ អភិបាលស្រុកកំពង់សីលា​ ចុះគោលដៅ​ជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍​ និងប្រចាំការតាមដានសភាពការបន្ត​ ។

នៅក្នុងពេលដែលជំនន់ទឹកភ្លៀងកំពុងហក់ឡើងខ្លាំងនេះដែរបើតាមអាជ្ញាធរសមត្ថកិច្ចស្រុកកំពង់សិលាបញ្ជាក់ថា ចំពោះមុខមិនទាន់មានការប្រកាសអាសន្នឬជម្លៀសប្រជាពលរដ្ឋនិងមិនមានផលប៉ះពាល់ដល់ផល ដំណាំសម្ភារៈប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៅឡើយនោះទេ។ តែអាជ្ញាធរអោយប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាពិសេសក្មេងៗកុមារតូចៗនិងមនុស្សចាស់ហើយអាជ្ញាធរកំពុងតែតាមដានអំពីការវិវត្តនៃសភាពការណ៍ជំនន់ទឹកភ្លៀងនេះយ៉ាងយកចិត្តទុកដាក់ផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖