ឃ្លាំងកាំជ្រួចផ្ការភ្លើងមួយនៅភាគខាងត្បូងប្រទេសថៃបានផ្ទុះដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ និងជាង ១២០ នាក់រងរបួស។ យោងតាមកាសែតបាងកកប៉ុស្តិ៍ ហេតុការណ៍ផ្ទុះបានកើតឡើងនៅម៉ោងប្រហែល៣រសៀល ថ្ងៃទី២៩ ខែកក្កដា នៅតំបន់ Sungai Kolok ខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ។
ការផ្ទុះបានបំផ្លាញឃ្លាំងស្តុកទំនិញ និងផ្ទះជិត២០០ខ្នង។ អភិបាលខេត្ត Narathiwat លោក Sanan Pongaksorn បាននិយាយថា មនុស្សចន្លោះពី ៥០០ ទៅ ៨០០ នាក់ដែលរស់នៅក្បែរនោះត្រូវជម្លៀសចេញ។
ក្រៅពីមនុស្ស១០នាក់ ដែលត្រូវបានបញ្ជាក់ថាស្លាប់ និងជាង១២០នាក់ទៀតរងរបួស មនុស្សជាច្រើននៅតែជាប់នៅក្នុងផ្ទះក្បែរកន្លែងកើតហេតុ។ ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមជួយសង្គ្រោះពួកគេ។
កាសែតបាងកកប៉ុស្តិ៍បានដកស្រង់សម្តីលោក Sanan ថា “អគ្គិភ័យត្រូវបានពន្លត់។ ការស៊ើបអង្កេតដំបូងបានបង្ហាញថាមូលហេតុគឺកំហុសបច្ចេកទេសនៅក្នុងដំណើរការផ្សារដែកខណៈពេលកំពុងជួសជុលអគារ (បណ្តាលឱ្យឃ្លាំងកាំជ្រួចផ្ទុះ)” ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានពណ៌នាអំពីផ្សែងហុយយ៉ាងសន្ធោសន្ធៅនៅពីលើកន្លែងកើតហេតុ ហើយហាង ផ្ទះ និងរថយន្តជាច្រើនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារសម្ពាធដ៏ខ្លាំងនៃការផ្ទុះនេះ។
អាជ្ញាធរថៃបាននិយាយថា នាយករដ្ឋមន្ត្រី Prayut Chan-o-cha បានទទួលការជូនដំណឹងអំពីការផ្ទុះនេះ ហើយកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។ លោក ប្រាយុទ្ធ បានណែនាំគ្រប់អង្គភាពពាក់ព័ន្ធឱ្យផ្តល់ការថែទាំឱ្យបានល្អបំផុតដល់អ្នករងរបួស និងរងគ្រោះដោយការផ្ទុះ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក Anupong Paochinda បានស្នើឱ្យភ្នាក់ងារក្នុងស្រុករៀបចំកន្លែងជម្លៀសដោយមានអាហារគ្រប់គ្រាន់ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា។ លើសពីនេះ មន្ទីរពេទ្យនៅក្បែរនោះក៏ស្ថិតក្នុងស្ថានភាពត្រៀមព្យាបាលអ្នករបួសផងដែរ។
ឧបទ្ទវហេតុនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការផ្ទុះនៅរោងចក្រកាំជ្រួចមួយក្នុងស្រុក Doi Saket នៃខេត្ត Chiang Mai ភាគខាងជើងប្រទេសថៃ ដោយបានបណ្តាលឲ្យមនុស្ស ៨ នាក់រងរបួស៕ ដោយ៖ ធីរីណា
រូបថត៖ Thai PBS