ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញសារព័ត៌មាន ឱ្យដឹងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះថា , យ៉ាងហោចណាស់មានជនសង្ស័យចំនួន ៤៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៤៥នាក់នោះ មាន ២៦នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ១១ករណី និងជនសង្ស័យ ១៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ១១ករណី។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ បានផ្លាស់ប្ដូរពីការរិះគន់ មកគាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច ដែលបានខិតខំ បម្រើការពារប្រជាពលរដ្ឋ រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ តាមមូលដ្ឋាន អនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។ ទោះជាដំណើរការបំពេញតួនាទីភារកិច្ច របស់សមត្ថកិច្ចមិនបាន ទទួលលទ្ធផលទាំងស្រុង ១០០% លើការងារប្រចាំថ្ងៃក៏ដោយ ប៉ុន្តែការលះបង់របស់ពួកគាត់ ដើម្បីប្រជាពលរដ្ឋ មានភាពធំធេង ដែលយើងអាចកំណត់បានថា , ប្រទេសជាតិយើងគ្រប់គ្រងដោយច្បាប់ មន្ត្រីអនុវត្តច្បាប់ បានបំពេញតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ៕
ដោយ ៖ សហការី