ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានមានប្រសាសន៏ថា ការរៀបចំវេទិកាពិគ្រោះយោបល់ ក្រុមប្រឹក្សាស្រុកនាពេលនេះក្នុងគោលបំណងបង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យតាមរយៈការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបាន និងបញ្ហាប្រឈមក្នុងមូលដ្ឋាន។
ការមានប្រសាសន៏បែបនេះធ្វើឡើងនាព្រឹកថ្ងៃទី០៤ខែសីហាឆ្នាំ២០២៣ ក្នុងវេទិកាពិគ្រោះយោបល់ ក្រុមប្រឹក្សាស្រុករមាសហែកដោយចូលរួមជាអធិបតីពីសំណាក់ លោកអ៊ិន សាបន ប្រធានក្រុមប្រឹក្សាស្រុករមាសហែក លោក.លោកស្រីអភិបាលរងស្រុក នាយករដ្ឋបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក កងកំលាំងទាំង៣ លោកប្រធានភូមិបាលស្រុក លោកប្រធាន OD ស្រុក និងលោកមេឃុំមុខដា មេឃុំម្រាម ស្នៀនឃុំ លោកប្រធានមណ្ឌល សុខភាព ទាំង២ឃុំនិងអាជ្ញាធរដែលពាក់ព័ន្ធនិងប្រជាពលរដ្ឋជាង១០០នាក់ផងដែរ។
លោក អភិបាលស្រុក បានបន្តថា ក្នុងការបើកវេទិកានាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវេទិកានេះក៏បានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ នូវសមិទ្ធផលដែលរដ្ឋបាលស្រុក សំរេចបាន និងគម្រោងជាអទិភាពនានានៅឆ្នាំខាងមុខ ជាពិសេសនោះផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានបញ្ចេញនូវមតិយោបល់ ព្រមទាំងលើកឡើងក្តីព្រួយបារម្ភរួមទាំងបញ្ហាប្រឈមរបស់ខ្លួន ពិសេសក្នុងមូលដ្ឋានដែលបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ដើម្បីឲ្យវាគ្មិនបកស្រាយនិងនាំយកបញ្ហាទាំងនោះមកពិភាក្សានាំគ្នាដោះស្រាយនិងឆ្លើយតបប្រកបដោយប្រសិទ្ធិភាព។
លោក បានបន្តថាក្នុងនាមលោកជា អភិបាលស្រុក សូមថ្លែងអំណរគុណដល់ ក្រុមការងារ ពាក់ព័ន្ធទាំងអស់ដែលបានអញ្ជើញចូលរួម និងសហការ ធ្វើអោយវេទិកានេះ អាចដោះស្រាយកង្វល់ជូនបងប្អូនប្រជាពលរដ្ឋ បញ្ចប់ទៅប្រកបដោយ បរិយាកាសល្អប្រសើរ ផងដែរ។
ក្នុងឱកាសនោះ លោកអ៊ិន សាបន ប្រធានក្រុមប្រឹក្សា ស្រុករមាសហែកបានថ្លែងថា វេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ត្រូវបានប្រារព្វធ្វើឡើង ក្នុងគោលបំណងជម្រាបជូនប្រជាពលរដ្ឋនូវ ព័ត៌មានអំពីការធ្វើ សេចក្តីសម្រេចចិត្ត និងសកម្មភាព ដែលក្រុមប្រឹក្សា បានអនុវត្តការងារពេលកន្លងមក ជាពិសេស ដើម្បីបង្កើត ឱកាសពិភាក្សា លើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ជាចំណែកកែលម្អរ សេវាសាធារណៈ ឈានទៅរកការប្រមូលព័ត៌មាន និងបញ្ហាប្រឈមផ្សេងៗ ក្នុងមូលដ្ឋាន របស់ខ្លួន ដើម្បីដោះស្រាយ នូវបញ្ហាទុក្ខកង្វល់នានា ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកានេះ ហើយចំពោះបញ្ហាដែលនៅសេសសល់បន្ទាប់ពីការបកស្រាយរបស់ មន្ត្រីជំនាញពាក់ព័ន្ធនិងថ្នាក់ដឹកនាំស្រុកនិងយកទៅពិភាក្សា និងជំរុញឲ្យមានដំណោះស្រាយជាបន្តបន្ទាប់ ៕
ដោយ៖ សុថាន