ព័ត៌មានទាន់ហេតុការណ៍៖

ការបើកល្បែងស៊ីសងដ៏ធំនៅភូមិ-ឃុំដារ ស្រុកមេមត់ លោក ស្រ៊ុន ម៉េងលឹម អ្នកគ្រប់គ្រងថា, ពិតជាបើកមែន ហើយទើបនឹងមានរឿងពីរថ្ងៃនេះ !

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយ ជាច្រើនលើគេហទំព័រ Online តាមបណ្ដាញទំនាក់ទំនងសង្គម facebook ជុំវិញទីតាំងបនល្បែងស៊ីសងដ៏ធំ នៅច្រកដូង ហៅដូង៧ដើម ស្ថិតក្នុងភូមិ-ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានប្រជាពលរដ្ឋខ្មែរចូលលេងក្នុងមួយថ្ងៃ មួយថ្ងៃរាប់រយនាក់ ជ្រកក្រោម កាសុីណូច្រកដារ ហៅដូង៧ដើម កំពុងសំរុកនាំគ្នាចូលទៅលេងល្បែងភ្នាល់ដាក់លុយ មានករណី បញ្ជល់មាន់ បៀរ អាប៉ោង យូគី យ៉ាងអ៊ូអរ ត្រូវបានអ្នកមើលការខុសត្រូវ អះអាងថា, ពិតជាមានលេងមែន ហើយទើបនឹងបើកបានពីរថ្ងៃសោះបែរទៅជាមានរឿងនេះកើតឡើង (គេផ្សព្វផ្សាយ) រំខានកន្លែងគាត់ ។ 

ជាមួយអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ លោក ស្រ៊ុន ម៉េងលឹម បានបញ្ជាក់យ៉ាងដូច្នេះថា , ខ្ញុំដូចជាឆ្ងល់មែនទែន កន្លងទៅអត់មានបញ្ហាអីកើតឡើងសោះ ពីព្រោះខ្ញុំជាអ្នករកស៊ី ធ្លាប់កាន់កាសែតរាប់រយ រាប់ពាន់ មិនដែលជួបរឿងបែបនេះ ទើបតែប៉ុន្មានថ្ងៃនេះ មិនដឹងគេរៀបគម្រោងអ្វីទេ បែរជានាំគ្នាចុះផ្សាយ ខ្ញុំក៏ចង់ដឹងដែរថានរណាជាមេចាត់ចែងឲ្យចុះផ្សាយក្នុងករណីនេះ។ 

លោក ស្រ៊ុន ម៉េងលឹម បានបន្តថា, ខ្ញុំទើបនឹងបើកបានចំនួនពីរថ្ងៃ ហើយខ្ញុំជាអ្នកគ្រប់គ្រងមេការ មើលការខុសត្រូវឱ្យ លោក ហ៊ុន ចូច មានច្បាប់ត្រឹមត្រូវ ដល់ពេលគេនាំគ្នាចុះផ្សាយព្រោងព្រាតបែបនេះ ខ្ញុំកំពុងឆ្ងល់ ! ហើយថ្ងៃនេះក៏ជាថ្ងៃដែលខ្ញុំត្រូវបង់លុយឲ្យគេ , ចុះបើចុះផ្សាយយ៉ាងច្រើនបែបនេះ តើខ្ញុំត្រូវបង់លុយឱ្យគេឬអត់ ? បញ្ហានេះខ្ញុំកំពុងតែគិតពិចារណា ! ខ្ញុំដឹងថា, ពួកគេកំពុងតែចង់បានផលប្រយោជន៍ ដូច្នេះហើយទើប បង្កើតរឿងនេះឡើងឲ្យមានការភ្ញាក់ផ្អើល រំខានដល់កន្លែងរបស់ខ្ញុំ។ ខ្ញុំនឹងឲ្យមនុស្សរបស់ខ្ញុំ សួរទៅអ្នកចុះផ្សាយទាំងនោះម្ដង ។ 

សូមបញ្ជាក់ជូនថា , កាស៊ីណូច្រកដារ ហៅដូង៧ដើម ស្ថិតក្នុងភូមិ-ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមិនដាក់យីហោ មានល្បែងជាច្រើនប្រភេទ បានបើកជ្រកក្រោមច្បាប់កាស៊ីណូ ក្នុងនោះក្នុងមួយថ្ងៃ មានប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ អ្នករកស៊ី ដែលញៀននឹងល្បែង បានទៅចូលលេងផ្សងសំណាង យ៉ាងគគ្រឹកគគ្រេង ។ ប៉ុន្តែសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ហាក់បង្ហាញពីភាពធូររលុង គ្មានករណីហាមឃាត់ ការពារ ចំពោះការខាតបង់ថវិកា ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋខ្លួនឡើយ។ ជាធម្មតា បើកាស៊ីណូស្របច្បាប់ មានលិខិតអនុញ្ញាតពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏មិនអាចអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងបានដែរ។ តាមផ្លូវច្បាប់ ត្រូវដកអាជ្ញាប័ណ្ណ ពិន័យជាប្រាក់ ។ល។ ប្រសិនបើកាស៊ីណូ អនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលលេង ។ 

លោក ស្រ៊ុន ម៉េងលឹម ដែលជាអ្នកគ្រប់គ្រងបនល្បែងស៊ីសងនៅទីនោះ បានលើកឡើងផងដែរថា , ខ្ញុំទើបនឹងលេងបានពីរថ្ងៃ ហើយខ្ញុំជួលកន្លែងគេ ថ្ងៃនេះត្រូវបង់ប្រាក់ឲ្យគេទៀត ! តើខ្ញុំបង់យ៉ាងម៉េចនឹងកើត បើអ្នកសារព័ត៌មានធ្វើបែបនេះ ? 

ទាក់ទងនិងករណីនេះ កន្លងទៅលោកវរសេនីយ៍ ហុង គឹមហឿន អធិការនគរបាល ស្រុកមេមត់ចាស់ ខេត្តត្បូងឃ្មុំ ធ្លាប់បញ្ជាក់អោយដឹងថា , ករណីកាស៊ីណូដែលបើកអោយពលរដ្ឋខ្មែរចូលលេងខុសនឹងច្បាប់ គេបើកគេមិនដែលមកទាក់ទងឬបង្ហាញឯកសារអីទេ ហើយរូបលោកទៅក្បែរមិនបានផង ។

ពាក់ព័ន្ធក្នុងករណីនេះ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ លោក ប៉ោង សុីណាត អធិការនគរបាល ស្រុកមេមត់ថ្មី ខេត្តត្បូងឃ្មុំ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន” នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល នឹងត្រូវបានចុចបិទ ។ 

ដោយឡែកលោកឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ តាមទូរស័ព្ទជាមួយអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” លោកបានបញ្ជាក់យ៉ាងដូច្នេះថា, ខ្ញុំកំពុងក្តាប់ នឹងតាមដានព័ត៌មានហ្នឹងហើយ , (រួចក៏បិទទូរស័ព្ទ) ។ 

ចំពោះលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ទូរស័ព្ទខលចូល ប៉ុន្តែលោកចុចបិទ និងដាក់ជាប់រវល់ មិនអាចសុំការបំភ្លឺបានឡើយ ជុំវិញទីតាំងបនល្បែងស៊ីសងដែលមានប្រជាពលរដ្ឋខ្មែររាប់រយនាក់កំពុងចូលលេងនេះ។ 

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ អាចជាប់រវល់ការងារ , ខណៈអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទូរស័ព្ទចូល ត្រូវបានបិទ ! ក្រោយមក បែរជាលោតនៅលើ Message យ៉ាងដូច្នេះថា , តើអ្នកអាចខលមកពេលក្រោយបានទេ ! Can you call back later?

ចំណែកលោកឧត្តមសេនីយ៍ឯក សៀង សេន ប្រធាន នាយកដ្ឋាន ប្រឆាំង បទល្មើស ល្បែងពាណិជ្ជកម្ម អគ្គស្នងការនគរបាលជាតិ យើងមិនអាចសុំការបកស្រាយបានទេដោយពុំមានលេខទូរស័ព្ទ ។

មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ដែលស្រឡាញ់សន្តិភាព រស់នៅដ៏សុខសាន្ត តាមមូលដ្ឋាន ពួកគាត់មិនសប្បាយចិត្តទេ ពេលមានសកម្មភាពបើកបនល្បែងស៊ីសង ពីព្រោះថា បនល្បែងស៊ីសង ជាប្រភពផ្ដើមចេញឲ្យមានបទល្មើស បង្ហាញពីក្តីព្រួយបារម្ភ ការរស់នៅ ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពក្នុងសង្គម។ បញ្ហានេះ ប្រសិនបើការបើកល្បែងស៊ីសងដោយគ្មានច្បាប់អនុញ្ញាត ឬគ្រាន់តែជ្រកក្រោម កាស៊ីណូស្របច្បាប់ គួរតែ អាជ្ញាធរគ្រប់ជាន់ថ្នាក់សមត្ថកិច្ចគ្រប់ជំនាញ ពិចារណាក្នុងរឿងនេះផង ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ 

សូមបញ្ជាក់ថា, អាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញ ពិតជាបានដឹងច្បាស់ហើយថា, ភូមិ-ឃុំ មានសុវត្ថិភាព រួមមានលក្ខណៈសម្បត្តិ៩យ៉ាងនោះ ក្នុងនោះរួមមាន៖ 

ទី១. គ្មានសកម្មភាពលួច ឆក់ប្លន់ គ្រប់ប្រភេទ។ 

ទី២. គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គឿងញៀនខុសច្បាប់។ 

ទី៣. គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។ 

ទី៤. គ្មានក្មេងទំនើង។ 

ទី៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រប់ប្រភេទ។ 

ទី៦. គ្មានគ្រោះថ្នាក់ចរាចរណ៍។ 

ទី៧. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ 

ទី៨. មានវិធានការទប់ស្កាត់ គ្រប់គ្រង និងការឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ។

និងទី៩. គ្មានការត្រួតពិនិត្យខុសច្បាប់។

សូមរំលឹកថា, បើលោក ស្រ៊ុន ម៉េងលឹម អ្នកគ្រប់គ្រងថា, ពិតជាបើកមែន ហើយទើបនឹងមានរឿងពីរថ្ងៃនេះ ! បែរជាមាន គេផ្សព្វផ្សាយព្រោងព្រាត ហើយលោកបញ្ចេញប្រតិកម្ម រកមុខអ្នកណាជាអ្នកផ្ដើមគំនិតឲ្យចុះផ្សាយ ! ចំណុចនេះគេសន្និដ្ឋានបានថា , បនល្បែងស៊ីសងដែលមានដូចជា, បញ្ជល់មាន់ បៀរ អាប៉ោង យូគី ប្រាកដជាគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ដូច្នេះសូមអាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ព័ន្ធ ចុះស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីលុបបំបាត់បនល្បែងស៊ីសងដោយខុសច្បាប់ ឱ្យមានប្រសិទ្ធភាព សម្រាប់ជាក្តីទំនុកចិត្ត របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនផង ៕


ដោយ ៖ មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”


ចែករំលែក៖