ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុកឱរ៉ាល់ ជូនដំណឹងពីការផ្អាកការចរាចរឆ្លងកាត់កំណាត់ជាតិលេខ៤៤ ចាប់ពីរង្វង់មូលផ្សារកន្ទួត ដល់ភូមិតាំងបំពង់ ជាបណ្ដោះអាសន្ន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹងពីការផ្អាកការចរាចរឆ្លងកាត់កំណាត់ជាតិលេខ ៤៤ ចាប់ពីរង្វង់មូលផ្សារកន្ទួត ឃុំសង្កែសាទប ទៅដល់ភូមិតាំងបំពង់ ឃុំតាសាល ជាបណ្ដោះអាសន្នសិន ដោយសារនៅក្នុងភូមិសាស្ត្រនេះជំនន់ទឹកភ្លៀងកំពុងហក់ឡើងខ្លាំង ពិសេសនៅទឹកនៅទំនប់តាសាលហក់ឡើងដល់កម្រិតប្រកាសអាសន្ន។

ក្នុងសេចក្ដីជូនដំណឹងដដែល រដ្ឋបាលស្រុកឱរ៉ាល់បានបញ្ជាក់ថា បច្ចុប្បន្នកំណាត់ផ្លូវជាតិលេខ៤៤ ចាប់ពីរង្វង់មូលផ្សារកន្ទួត ឃុំសង្កែសាទប ទៅដល់ភូមិតាំងបំពង់ ឃុំតាសាល មានការជន់លិចដោយជំនន់ទឹកភ្លៀងដោយកន្លែង ដូចជានៅចំណុចស្ពានអូរអញ្ចា អូរស្រីចាំ និងស្ពានតាំងបំពង់ ដូច្នេះដើម្បីធានាបាននូវសុខសុវត្ថិភាព និងបង្ការគ្រោះថ្នាក់ផ្សេងៗដែលកើតមានជាយថាហេតុចំពោះភ្ញៀវទេសចរ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើនេះ រដ្ឋបាលស្រុកឱរ៉ាល់សូមអំពាវនាវឱ្យផ្អាកការចរាចរឆ្លងកាត់កំណាត់ផ្លូវខាងលើជាបណ្ដោះ អាសន្នសិនចំពោះយានយន្តគ្រប់ប្រភេទ។

ដោយឡែកចំពោះប្រជាពលរដ្ឋដែលរស់នៅប៉ែកខាងក្រោមទំនប់តាសាល និងតាមបណ្ដោយស្ទឹកព្រែកត្នោត សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារទំនប់តាសាលបានហក់ឡើងដល់កម្រិតប្រកាសអាសន្ន (២០.១០ម៉ែត្រ) និងត្រូវបើកទ្វារទឹកចំនួន៣ទ្វារ ក្នុងកម្រិត៤ម៉ែត្រ ដើម្បីបង្ការការបាក់ទំបន់ និងបង្ការការជន់លិច៕

ដោយ៖ សូរិយា


ចែករំលែក៖