ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តរតនគិរីចុះសួរសុខទុក្ខពលរដ្ឋនិងពិនិត្យស្ថានភាពទឹកនៅដងទន្លេស្រែពក

ចែករំលែក៖

 ខេត្តរតនគិរី ៖ លោកញ៉ែម សំអឿន អភិបាលខេត្ដរតនគិរីបាននាំកម្លាំងចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋនិងពិនិត្យស្ថានភាពទឹកទន្លេស្រែពក ក្នុងស្រុកលំផាត់ និងស្រុកកូនមុំ បន្ទាប់ពី មានគ្រោះធម្មជាតិបណ្ដាលឲ្យជន់លិចផ្លូវ និងផលដំណាំ របស់កសិករជាច្រើនហិកតា។

កម្លាំងចុះទៅសួរសុខទុក្ខនៅថ្ងៃទី៣ ខែសីហាឆ្នាំ២០២៣លោកនូ ថេរ អភិបាលស្រុក លំផាត់ បានជំរាបប្រាប់អភិបាលខេត្ដ ថា ស្ថានភាព ទឹកទន្លេស្រែពក បានស្រកចុះវិញបន្ដិចហើយគឺនៅត្រឹម១១,៨៨ម៉ែត្រ ដែលកម្រឹត នៃកាប្រកាសអាសន្ននោះ គឺ១២,៥០ម៉ែត្រ។

លោកថាផលប៉ះពាល់នៃគ្រោះធម្មជាតិនេះ បណ្ដាលឲ្យឃុំចំនួន៣លិចលង់ រួមមាន ឃុំជ័យឧត្ដម ឃុំកាឡែង និងសេដា ដែលមានភូមិចំណុះ ចំនួន៨ ក្នុងនោះមាន១៦ខ្នងផ្ទះនិង៦៥គ្រួសារបានរងផលប៉ះពាល់ពីទឹកជំនន់ ។

 ក្រៅពីនេះដីស្រែចំនួន ១០៨,៥ហិកតានិងដីចម្ការចំនួន៧១,៥ហិកតា ត្រូវបានលិចលង់និងលិចផ្លូវគ្រួសក្រហម ចំនួន១៨កន្លែងសរុបប្រវែង៩៦៩ម៉ែត្រ។លោកអភិបាលខេត្ដបានបន្ដចុះទៅជួបប្រជាពលរដ្ឋនៅស្រុកកូនមុំ ដើម្បីពិនិត្យមើលពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នៃគ្រោះទឹកទន្លេស្រែពកនោះដែរ។ 

លោកសេក ហៃ អភិបាលស្រុកកូនមុំ បានជំរាបជូនលោកអភិបាលខេត្ដថា ទឹកបានជន់លិចចូលឃុំចំនួន២គឺឃុំសេរីមង្គល និងឃុំស្រែអង្គង រងផលប៉ះពាល់ផ្ទះចំនួន៤១ខ្នង ស្មើនិង៤៨គ្រួសារ និងមនុស្ស៦៨នាក់។

លោកថា ដីស្រែជិត១០០ហិកតា និងដំណាំរួមផ្សំចំនួន២៩ហិកតា ត្រូវបានរងផលប៉ះពាល់ រួមនិងផ្លូវគ្រួសក្រហមចំនួន៥កន្លែងសរុប ប្រវែង៦៥០ម៉ែត្រ ក៏រងកាលិចលង់ដែរ។

លោកខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តរតនគិរី បានប្រាប់ឲ្យដឹងដែរថា រយ:ពេលនេះគឺថ្ងៃទី២និងទី៣ខែសីហានេះសិស្សបឋមសិក្សា នៅស្រុកវ៉ើនសៃ ចំនួន២៣៧នាក់ ក្នុងនោះមានសិស្សស្រី ចំនួន១១៧នាក់ ពួកគេ រៀននៅសាលាបឋម សិក្សាទៀមក្រោម សាលាបឋមសិក្សាតាលឹម និងសាលាបឋមសិក្សា កាចូនលើ រួមនិង លោកគ្រូ អ្នកគ្រូគឺ ពុំបាន មកសាលារៀនទេ ដោយសា តែគ្រោះធម្មជាតិ បណ្ដាលឲ្យលិចផ្លួវ ពិបាកក្នុងកា ធ្វើដំណើរ។

លោកអភិបាលខេត្តរតនគិរី បានណែនាំ ដល់ប្រជាពលរដ្ឋរស់នៅ ហូបចុក ត្រូវមានអនាម័យស្អាតល្អ មើលថែ កូនតូចៗ កុំឲ្យ ចុះលេងទឹកនិងត្រៀមមធ្យោបាយ ប្រេងសាំង ទូកនិងកាណូត ដើម្បីជម្លៀសចេញ នៅពេលណា ទឹកទន្លេ ហត់ឡើងដល់កម្រឹត ដែលត្រូវ ប្រកាសអាសន្ន ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖