ព័ត៌មានទាន់ហេតុការណ៍៖

ការពិតអ្នក ប៉ះម៉ូតូឡានចល័ត នៅតាមបណ្តោយផ្លូវជាតិលេខ១ បាចដែកគោល លើស្ពានអ្នកលឿង ឬស្ពានត្សឹបាសា

ចែករំលែក៖

ខេត្តព្រៃវែង ៖ មួយរយៈនេះ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក TikTok បានបង្ហោះព្រោងព្រាត ជុំវិញថាមានករណី មានអ្នកបាច់ដែកគោល លើស្ពានអ្នកលឿង ឬស្ពានត្សឹបាសា បណ្ដាលឱ្យម៉ូតូ រថយន្ត មុតធ្លាយកង់ជាបន្តបន្ទាប់ ។ ក្នុងនោះក្រុមអ្នកបង្ហោះ សំណូមពរដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ មេត្តាយកចិត្តទុកដាក់ ស៊ើបអង្កេត ស្រាវជ្រាវ រកឲ្យឃើញការពិត។ ពីព្រោះការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម និង ប្រព័ន្ធ TikTok ឃើញគេប្រើប្រាស់ ឧបករណ៍ផ្សេងៗ ដើម្បីឆក់ប្រមូលយកដែកគោលដែលពួកគេបានបាច់ចោលលើស្ពាន ជាប់ឃើញជាក់ស្ដែងពិតប្រាកដមែន។ 

ឥឡូវនេះបានដឹងហើយ ! ស្ពានអ្នកលឿង ឬស្ពានត្សឹបាសា តើមានគេបាចដែកគោល មែនអត់?

សូមបញ្ជាក់ថា, ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នេះ សមត្ថកិច្ចរកឃើញហើយ គឺជាថ្វីដៃរបស់អ្នករកស៊ីប៉ះម៉ូតូឡានចល័ត នៅតាមបណ្តោយផ្លូវជាតិលេខ១ ជាអ្នកបាចដែកគោលនោះយ៉ាងពិតប្រាកដ។ សមត្ថកិច្ចក៏បាននាំខ្លួន យកមកធ្វើការអប់រំ កិច្ចសន្យា បញ្ឈប់សកម្មភាពដ៏ផ្តេសផ្ដាសនេះ ផងដែរ។ 

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ថា, ខ្ញុំបានទទួលព័ត៌មាននេះប៉ុន្មានថ្ងៃដែរ ហ្នឹងបានឲ្យមន្ត្រីចុះពិនិត្យសាវជ្រាវ។ លោកបន្តថា, នៅតែបន្តឲ្យកម្លាំង តាមដានក្នុងករណីនេះ ឲ្យបានដិតដល់បំផុត ។ 

សូមជម្រាបជូនថា : អ្នករកស៊ីប៉ះកង់ឡាននិងម៉ូតូ មានគំនិតទុច្ចរិត បាចដែកគោលលើស្ពានអ្នកលឿង ឬស្ពានត្សឹបាសា ដើម្បីប្រយោជន៍ខ្លួនបានចំណូលពីករណីប៉ះកង់ ម៉ូតូ ឡាន គឺជាអំពើមិនថ្លៃថ្នូរ មានបាបកម្ម បើគិតតាមធម៌ព្រះពុទ្ធបុណ្យនឹងបាប។ លុយដែលរកបានដោយគំនិតទុច្ចរិតនេះ មិនអាចរីកចម្រើនទេ ទោះជាគេមិនបានដឹងពីគំនិតដ៏អាក្រក់របស់ខ្លួន ក៏ខ្លួនឯងជាអ្នកប្រព្រឹត្ត ដឹងយ៉ាងច្បាស់ថានេះជាអំពើទុច្ចរិត ។ 

ឈប់បានឈប់ទៅ ! ទង្វើរបស់អ្នក សង្គមស្អប់ខ្ពើមបំផុត មិនឱ្យតម្លៃអ្នកទេ មានតែចាត់ទុកអ្នក ជាមនុស្សដែលគ្មានឧត្តមគតិ បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ រំខានដល់អ្នកដទៃ ដើម្បីផលប្រយោជន៍ខ្លួនឯង ទាំងប្រាក់ដែលបានមក មិនមែនជាញើសឈាម គឺប្រាក់ក្តៅក្រហាយ ដែលអ្នកបានប្រព្រឹត្ត ដ៏ថោកទាបបំផុត !  កេរឈ្មោះរបស់អ្នក កិត្តិយសគ្រួសារអ្នក តើត្រូវគេថ្មេះតិះដៀល ដល់កម្រិតណា ? ។

សូមបញ្ជាក់ថា, នេះជាព័ត៌មានបឋម ! ចំពោះព័ត៌មានលម្អិត អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” និងបន្តផ្សព្វផ្សាយជូនប្រិយមិត្ត ពេលដែលបានរបាយការណ៍ពិតប្រាកដពីសមត្ថកិច្ច ៕ 

ដោយ ៖ សហការី


ចែករំលែក៖