ខេត្តបន្ទាយមានជ័យ៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងដឹកទំនិញលើសទម្ងន់នាំចូលពីប្រទេសថៃតាមច្រករបៀងបណ្តាលអោយបាក់ពីរកំណាត់ខណៈដែលមន្ត្រីប៉ូលិសសេដ្ឋកិច្ចខេត្តនិងប៉ូលិសសេដ្ឋក្រសួងបូករួមជំនាញផ្សេងៗស្ងាត់ស្ងៀមគ្មានកម្រើក។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ស្ថិតនៅក្នុងភូមិដើមចាន់គីរី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។
ប្រភពពីពលរដ្ឋប្រាប់ថា៖ នៅពេលគ្រោះថ្នាក់កើតឡើង គឺមានរថយន្តហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2A-8863 ដែលដឹកទំនិញពេលរថយន្តបើកបរតាមផ្លូវបំបែកជាបួនបត់មកលិចបណ្តាលអោយបាក់រថយន្តជាពីរកំណាត់តែម្ដង។
ពលរដ្ឋបន្តថា រថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញបាក់ជាពីរកំណាត់នេះគឺអាចបណ្តាលមកពីរថយន្កខាងលើនេះដឹកលើសទម្ងន់ទើបបាក់ជាពីរកំណាត់ ហើយឃើញម្ចាស់រថយន្តបានយករថយន្ត១គ្រឿងនិងម៉ូតូកង់បី១គ្រឿងទៀតមកសាងយកទំនិញផងដែរ។
ពលរដ្ឋបន្តថា៖ ទំនិញដែលរថយន្តហ៊ីយ៉ាន់ដាយដឹកបាក់ជាពីរកំណាត់នេះ គីជាទំនិញដឹកចេញពីព្រំដែនកម្ពុជា-ថៃ តាមច្រករបៀងខុសច្បាប់ហើយដឹកចូលមកក្រុងប៉ោយប៉ែតដើម្បីចែកចាយតាមបណ្ដាដេប៉ូផ្សេងៗនិងដឹកទៅបោះឲ្យម៉ូយនៅតាមបណ្ដាខេត្តផងដែរ។ ម្យ៎ាងទៀតគេឃើញរថយន្តភាគច្រើនបានដឹកទំនិញសំពីងសំពោងចេញពីតំបន់ច្រករបៀងព្រំដែនកម្ពុជា-ថៃទាំងខាងត្បូងផ្លូវជាតិលេខ៥និងខាងជើងផ្លូវជាតិលេខ៥ជារៀងរាល់យប់ថ្ងៃ ជួនពេលខ្លះក្រុមឈ្មួញដឹកទំនិញដែលបង់ពន្ធមិនគ្រប់ឫអត់បង់ពន្ធយកទៅស្តុកនៅតាមបណ្ដាឃ្លាំងស្តុកទំនិញក្នុងក្រុងប៉ោយប៉ែត ដែលធ្វើឱ្យបាត់បង់ចំណូលពន្ធរដ្ឋរាប់សិបម៉ីនដុល្លារតាមរយៈការឃុបឃិតគ្នាជាមួយមន្ត្រីជំនាញ ។ ពលរដ្ឋបន្តថាៈចំណែកមន្ត្រីផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ក៏ត្រូវជាមួយរថយន្តដឹកសំពីងសំពោងតាមផ្លូវជាតិជាពិសេសរថយន្តដឹកទំនិញធុនតូចរបស់ជនជាតិថៃបានដឹកសំពីងសំពោងចូលក្រុងគ្មានការណែនាំ ដឹកចូលបែបអនាធិបតេយ្យធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ចរាចរណ៍ក៌ដូចជាបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។
ពលរដ្ឋសំណូមពរឱ្យមានវិធានការជាក់លាក់ទៅលើរថយន្តដឹកសំពីងសំពោងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរ៕
ដោយ ៖ វណ្ណា