ខេត្តកំពង់ស្ពឺ៖ កម្មករ កម្មការិនីរោងចក្រប្រមាណជា៧០នាក់បានរងរបួសធ្ងន់ស្រាលត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលភ្លាមៗ បន្ទាប់ពីរថយន្តបើកបរក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោងរេចង្កូតធ្លាក់ពីផ្លូវបណ្តាលឲ្យក្រឡាប់ ចូលស្រែរបស់ប្រជាពលរដ្ឋ។
ហេតុការណ៍គ្រោះថ្នាក់រថយន្តដឹកកម្មករក្រឡាប់ នេះកើតឡើងកាលពីវេលាម៉ោង៥ និង៥៧នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកសំរោងទងបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ ទម្ងន់២.៥តោន អ្នកបើកបរឈ្មោះ គា ទីណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរតៃកុងរថយន្តរស់នៅ ភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ដឹកកម្មករកម្មការិនី សរុបប្រហែលជាង៧០នាក់ បើកបរពីជើងទៅត្បូងមកដល់ចំណុចផ្លូវកោងបានបត់ទៅកើតបណ្ដាលឲ្យរេចង្កូតក្រឡាប់ធ្លាក់ចូលក្នុងស្រែ បណ្តាលរងរបួសអ្នកជិះលើរថយន្ដតែម្តង។
មន្ត្រីនគរបាលចរាចរណ៍ស្រុកបានបន្តទៀតថា ក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកអ្នករងរបួសយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ចំពោះវត្ថុតាងរថយន្តត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលព្នាយរង់ចាំដោះនៅពេលក្រោយ៕
ដោយ៖ សូរិយា