ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣នេះ នៅ មុខប្រាសាទអង្គរវត្ត គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំការរត់ប្រណាំងម៉ារ៉ាតុង ដែលមានអត្តពលិកជាតិ និងអន្តរជាតិ ចំនួន ២,៥១១នាក់ មកពី៤៥ប្រទេស បានចូលរួម។ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងអាជ្ញាធរខេត្តសៀមរាប។ នេះជាការបញ្ជាក់ដោយអង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាប នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។
អង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាបបានបញ្ជាក់ថា, អញ្ជើញបើកព្រឹត្តិការណ៍នាពេលនោះ លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា លើកឡើងថា ព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨នេះ ជាព្រឹត្តិការណ៍កីឡា ដំបូងបន្ទាប់ពីកីឡាស៊ីហ្គេម ដែលកម្ពុជាទើបតែទទួលធ្វើជាម្ចាស់ផ្ទះ ហើយ ក៏បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ផងដែរ។ ទាំងនេះ បានបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាព តាមរយ:ការចូលរួមយ៉ាងសប្បាយរីករាយរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ។ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា កីឡានៅមកនូវសន្តិភាព សាមគ្គីភាពដល់ប្រជាជាតិ លើពិភពលោកទាំងមូល ជាពិសេសប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រី លើកឡើង ការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពខ្មែរនៅឆ្នាំ២០២៣នេះ នឹងជំរុញដល់ការធ្វើពិធីកម្មកីឡាទេសចរណ៍ដទៃទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប។ ឯកឧត្តម រំពឹងថា នៅឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា នឹងទទួលបានភ្ញៀវទេសចរប្រមាណ ៥លាននាក់ ហើយសម្រាប់ឆ្នាំ២០២៦ខាងមុខ ភ្ញៀវទេសចរអន្តរជាតិនឹងកើនដល់ ៧លាននាក់។
គួរជម្រាបថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរ តែងរៀបចំនៅដើមខែសីហា ដែលស្ថិតក្នុងរដូវវស្សា ដើម្បីជំរុញដល់សកម្មភាពទេសចរណ៍ក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរ លើកទី៨ នេះរៀបចំឡើង មាន ៤វិញ្ញាសារួមមាន ចម្ងាយ ៤២.១៩៥ គីឡូម៉ែត្រ, ចម្ងាយ ២១គីឡូម៉ែត្រ, ចម្ងាយ ១០គីឡូម៉ែត្រ និងចម្ងាយ ៣គីឡូម៉ែត្រ៕
ដោយ ៖ សហការី