ព័ត៌មានទាន់ហេតុការណ៍៖

ទឹកជំនន់នៅទីក្រុងភាគឦសានប្រទេសចិន មនុស្ស១៤នាក់ស្លាប់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា មនុស្សចំនួន១៤នាក់ត្រូវគេរាយការណ៍ថាបានបាត់បង់ជីវិត កាលពីអំឡុងចុងសប្តាហ៍កន្លងទៅនេះ នៅឯទីក្រុងស៊ូឡាន (Shulan) នៃប្រទេសចិន ព្រោះតែគ្រោះទឹកជំនន់បង្កឡើងដោយព្យុះទីហ្វុង ដុកស៊ូរី (Doksuri)។
តួលេខអ្នកបាត់បង់ជីវិតខាងលើនៅទីក្រុង Shulan ដែលស្ថិតក្នុងខេត្ត ជីលីន (Jilin) នៃតំបន់ភាគឦសានប្រទេសចិន គឺបន្ថែមពីលើមនុស្សរាប់សិបនាក់ផ្សេងទៀត ដែលបានស្លាប់កាលពីសប្តាហ៍មុន នៅរដ្ឋធានីប៉េកាំង និងទីក្រុងមួយចំនួននៅខេត្តហឺប៉ី (Hebei)។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនក៏មានមន្រ្តី៣នាក់ផងដែរ ស្ថិតក្នុងចំណោមអ្នកស្លាប់នៅទីក្រុង Shulan ដោយរួមមានទាំងអភិបាលរងម្នាក់នៃទីក្រុង។
សម្រាប់កម្រិតទឹកនៅក្នុងទីក្រុង Shulan ដែលមានមនុស្សរស់នៅសរុបប្រហែល ៥៨៧,០០០នាក់គឺបានថយមកនៅកម្រិតសុវត្ថិភាពវិញហើយ ខណៈដែលកិច្ចប្រឹងប្រែងឆ្លើយតបគ្រាអាសន្នត្រូវបានដំណើរការដើម្បីជួយជម្លៀសប្រជាជននិងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត។ អាជ្ញាធរក្នុងតំបន់បាននិយាយថា ចំណុចមួយចំនួននៃទន្លេសុងហ័រ (Songhua) ដែលជាទន្លេស្នូលប្រចាំតំបន់ភាគឦសានប្រទេសចិន ហើយនិងដៃទន្លេ ណឺនជាំង (Nenjiang) នៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់គួរឱ្យគ្រោះថ្នាក់ដដែល។
ថាមពលត្រូវបានស្តារឡើងវិញ សម្រាប់តំបន់រងគ្រោះទឹកជំនន់ជាច្រើននៃទីក្រុងប៉េកាំងនិងនៅខេត្ត Hebei ប៉ុន្តែកិច្ចប្រឹងប្រែងស្តារថាមពលនៅខេត្តភាគឦសាន ដូចជា Jilin, ហ៉ីឡុងជាំង (Heilongjiang) និងលាវនីង (Liaoning) ជាដើម កំពុងបន្តប្រព្រឹត្តទៅនៅឡើយ។ តំបន់ភាគឦសានប្រទេសចិន រួមជាមួយទីក្រុងប៉េកាំងនិងខេត្ត Hebei បានមើលឃើញការធ្លាក់ភ្លៀងខ្លាំងក្លា ព្រមទាំងគ្រោះទឹកជំនន់ចាប់តាំងតែពីព្យុះទីហ្វុង Doksuri បានបោកបក់ទៅដល់ខេត្តហ្វូជាន (Fujian) ភាគខាងត្បូងប្រទេស កាលពី២សប្តាហ៍មុន៕ ដោយ៖ ធីរីណា

រូប​ថត​៖ xinhua


ចែករំលែក៖