ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល៧ខែ​ កម្ពុជានាំចេញអង្ករជាង៣៦ម៉ឺនតោន រកចំណូលបានជាង២៥០លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជា​ បានសម្រេចការនាំចេញអង្ករបានជិត ៥២% នៃផែនការ ៧០ម៉ឺនតោន គឺសម្រេចបានចំនួនជាង ៣៦ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួនសរុបជាង ២៥៣លានដុល្លារសហរដ្ឋអាម៉េរិក​ គិតក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ។ នេះបើយោងតាមរបាយការណ៍ សហព័ន្ធស្រូវអង្ករកម្ពុជា។

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា ក្រុមហ៊ុននាំចេញចំនួន ៥២ក្រុមហ៊ុន បាននាំចេញអង្ករទៅកាន់គោលដៅចំនួន៥២ ដែលក្នុងនោះ ប្រទេសចិន និងតំបន់ស្វយ័ត​បានចំនួនជាង ១៤ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួន ៩០លានដុល្លារ។

ចំណែកការនាំចេញអង្ករទៅទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស បានចំនួនជាង ១៤ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១០០​ លានដុល្លារ, ទៅកាន់ ៤ប្រទេសសមាជិអាស៊ាន ចំនួនជាង ៣ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ២០លានដុល្លារ, ទៅកាន់ ២២ប្រទេសផ្សេងៗទៀត បានចំនួនជិត ៥ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២លានដុល្លារ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ដែរថា ចំពោះប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២.២៩% អង្ករសចំនួន ១២.៦៣% អង្ករចំហ៊ុយ ៣.៣៦ % អង្ករសរីរាង្គចំនួន ១.៧១% និង អង្ករសគ្រាប់ខ្លីចំនួន ០.០២%។

គួរបញ្ជាក់ថា​ កម្ពុជា​ ក៏បាននាំចេញស្រូវចំនួនជាង ២,៥លានតោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ៦៦៣ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៦០% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕

ដោយ​៖ សហការី​


ចែករំលែក៖