ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ត​ Ford Ranger លឿនដូចហោះឡើងលើសួនបុកបង្គោលប៉ាណូបាក់មួយដើម​ ខណៈរថយន្តក្រឡាប់ផ្ងារជើងម្ខាងធ្វើឱ្យបុរសពីរនាក់រងរបួសយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសជនជាតិចិនពីរនាក់រួមដំណេីរជាមួយ​ដោយជិះរថយន្តFord Ranger មួយគ្រឿងបើកបត់ឆ្លងផ្លូវលឿនដូចហោះធ្វើឱ្យបួងចង្កូតមិនទាន់ជ្រុលឡើងលើសួនពុះចែកទ្រូងផ្លូវទៅបុកបង្គោលប៉ាណូមួយដើមបាក់រាបដល់ដី ចំណែករថយន្តក្រឡាប់ផ្ងារជើងម្ខាង កាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ខែសីហាឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២០០៤ កែងនឹងផ្លូវឌួងងៀបស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជនីភ្នំពេញ។

​   បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តរថយន្តម៉ាក​ Ford Rangerមួយគ្រឿង​ ពណ៌ខ្លាញ់ក្តាម​ ពាក់ផ្លាកលេខភ្នំពេញ2BW-1881 បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរជាមួយបុរសជាតិចិនម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវឌួងងៀបក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើបានឆ្លងផ្លូវលេខ២០០៤ ឆ្ពោះទៅទិសខាងលិចបួងចង្កូតមិនទាន់ក៏ជ្រុលឡើងលើសួនពុះចែកទ្រូងផ្លូវទៅបុកបង្គោលប៉ាណូមួយដើមបាក់រាបដល់ដី រីឯរថយន្តក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបរនិងអ្នករួមដំណើររងរបួសដៃនិងបែកមុខបែកមាត់យ៉ាងដំណំ។

​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែង​ ស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖