ខេត្តបាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសមត្ថកិច្ចនគរបាលបានស្វែងរកបុរសដែលបេីកម៉ូតូកង់បីនាំបង្កហេតុរហូតបណ្តាលឱ្យស្ត្រីជាជនជាតិបរទេសម្នាក់រងរបួសកាលពីវេលាទៀបភ្លឺថ្ងៃទី៥ខែសីហាឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្តសង្កាត់អូរចារក្រុងបាត់ដំបង ខេត្តបាត់ដំបង ឃេីញហេីយ ។
កិច្ចប្រតិបត្តិការស្រាវជ្រាវស្វែងរកក្នុងរយៈពេល២ ថ្ងៃ នេះសមត្ថកិច្ចនគរបាល បានធ្វេីការស្រាវជ្រាវយ៉ាង សកម្មបំផុត ដោយមានការចូលរួមពីសមត្ថកិច្ចអាជ្ញាធរ ពាក់ព័ន្ធនិងជាពិសេសគឺការចូលរួមគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ចពីមហាជនដែលនិយមប្រេីប្រាស់បណ្តាញសង្គម ក៏ដូចសាក្សីនានាទេីបនគរបាល ទទួលបាននូវលទ្ធផលបែបនេះ។
ខណៈនេះបុរសអ្នកបេីកម៉ូតូកង់បីមានឈ្មោះ ទេព ភាឡី ភេទប្រុស អាយុ២៩ ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង- ខេត្តបាត់ដំបង ។
សមត្ថកិច្ចកំពុងសាកសួរនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រីឯព័ត៌មានលំអិតជុំវិញករណីនេះ ជម្រាបជូននៅពេលបន្ទាប់ទៀត។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មានសូមអរគុណ៕
ដោយ៖ សូរិយា