ព័ត៌មានទាន់ហេតុការណ៍៖

តំណាងក្រសួងបរិស្ថាន បានចូលរួមប្រជុំថ្នាក់តំបន់នៃមូលនិធិ អាកាសធាតុ​បៃតង ជាមួយបណ្ដាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក សរុប១៩២នាក់ នៅសាធារណរដ្ឋកូរ៉េ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងតាមប្រព័ន្ធ Telegram ថា, លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមប្រជុំថ្នាក់តំបន់នៃមូលនិធិ អាកាសធាតុ​បៃតង ជាមួយបណ្ដាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក សរុប១៩២នាក់ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅសាធារណរដ្ឋកូរ៉េ។ 

ក្នុងឱកាសនោះដែរលោក ទិន ពន្លក បានបញ្ជាក់ ថា ការប្រែប្រួលអាកាសធាតុ កំពុងតែកើតឡើង និងបង្កឲ្យ​មាន វិបត្តិកាន់តែធ្ងន់ធ្ងរ ទៅការអភិវឌ្ឍ សេដ្ឋកិច្ច ជាពិសេសក្នុងពេលថ្មីៗនេះ ពិភពលោក កំពុងប្រឈម នូវបញ្ហារលកកំដៅ និងគ្រោះទឹក ជំនន់។ ក្នុងនោះដែរ ឯកឧត្តមបានសង្កត់ធ្ងន់ លើ៣ ចំណុចរួមមាន៖ 

១) ពេលាវេលា៖ កាន់តែពន្យារ​ពេល​​នៃការផ្តល់ ហិរញ្ញប្បទានអាកាសធាតុ កាន់តែបង្កឱ្យមាន ហានីភ័យ អាកាសធាតុធ្ងន់ធ្ងរ។ 

ហិរញ្ញប្បទាន អាកាសធាតុមិនទាន់បានផ្តល់ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ទាន់ពេល និងជាក់ស្តែង​ទេ។ 

២) ការទទួលបានការទទួលស្គាល់ពីមូលនិធិ អាកាសធាតុបៃតង និងការទទួលស្គាល់ឡើងវិញ (Reaccreditation)៖ ស្នើឱ្យសម្រួលនីតិវិធី​ទាំងការស្នើសុំការទទួលបាន ការទទួលស្គាល់ និងការស្នើសុំការទទួលស្គាល់ ឡើងវិញពី GCF ដើម្បីឱ្យអាចទទួលបានមូលនិធិពី GCF បាន​ឆាប់រហ័ស។ 

និង ៣) GCFតាមរយៈគម្រោងត្រៀម ជួយកសាង សមត្ថភាពអាជ្ញាធរទទួលបន្ទុកជាតិ​(NDA) និងស្នើឲ្យ GCF បន្តកម្មវិធីកសាង សមត្ថភាព៕

ដោយ ៖ សហការី


ចែករំលែក៖