ភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ នី ផល្លី អាយុ៤០ឆ្នាំ មុខរបររត់ឡំប្រឺតា ធ្លាប់បានរៀបការជាមួយនារីម្នាក់ឈ្មោះ យ.អ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ គឺរស់នៅជាមួយគ្នាបានកូនស្រីចំនួន០៥នាក់។ ដោយការរស់នៅមិនសូវចុះសម្រុងគ្នា ព្រោះតែបុរសជាប្តីជាមនុស្សប្រើប្រាស់គ្រឿងញៀនតែងតែបង្កអំពើហិង្សាក្នុងគ្រួសារ វាយប្រពន្ធកូនជាបន្តបន្ទាប់ ធ្លាប់ជាប់គុក ធ្លាប់ចូលមណ្ឌលអប់រំផ្តាច់សារធាតុញៀន តែក៏នៅមិនកែប្រែអត្តចរិត ទើបប្រពន្ធទ្រាំទ្រទៀតមិនបានក៏សម្រេចចិត្តលែងលះគ្នានៅសាលាសង្កាត់ច្រាំងចំរេះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ ក្រោយពេលលែងលះប្រពន្ធ បុរសជាប្តីតាំងខ្លួនជាអ្នកស្មោះស្នេហ៍ តែងតែទូរស័ព្ទទៅអតីតប្រពន្ធដើម្បីសុំត្រូវរ៉ូវគ្នាឡើងវិញ តែអតីតប្រពន្ធមិនយល់ព្រម រហូតដល់ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ បុរសជាបី្តបានខលមកសុំត្រូវរ៉ូវគ្នាម្តងទៀត តែអតីតប្រពន្ធនៅតែបដិសេធ បុរសជាប្តីក៏គំរាមថា បើមិនត្រូវគ្នាវិញទេ មានតែស្លាប់ទាំងពីរនាក់ រួចក៏ចុចបិទទូរស័ព្ទ។ បន្ទាប់មកប្រហែលកន្លះម៉ោង បុរសជាប្តីបានបើកឡំប្រឺតាមកដល់ផ្ទះអតីតប្រពន្ធ ដើរចូលទៅក្នុងផ្ទះរួចចាក់គន្លឹះពីខាងក្នុងបន្ទប់ យកសាំងចំនួន០៣ដបមកចាក់ពីលើអតីតប្រពន្ធ ភ្លាមនោះកូនស្រីដែលនៅខាងក្រៅបន្ទប់បានឃើញឪពុកមានកាន់ដបសាំងក៏ស្រែកហៅជីដូនឱ្យមកជួយ ពេលនោះជីដូនដែលត្រូវជាម្តាយក្មេកបុរសជាប្តី បានរត់មកធាក់ទ្វារ០៤ទៅ០៥ជើងបណ្តាលឱ្យរបើកនិងឃើញអតីតកូនប្រសាកំពុងចាក់សាំងស្រោចលើកូនស្រីគាត់ ក៏ស្ទុះទៅប្រតាយប្រតប់គ្នាដណ្តើមយកដបសាំងចេញ តែត្រូវអតីតកូនប្រសាជះសាំងទៅលើអតីតម្តាយក្មេកនិងរៀបយកដែកកេះមកកេះឱ្យឆេះក៏ត្រូវកូនស្រីខ្លួនស្ទុះទៅចាប់ប្រតាយប្រតប់គ្រវាសដែកកេះចេញពីដៃ រួចក៏បន្តប្រតាយប្រតប់គ្នា ហើយបុរសជាប្តីក៏បានជះសាំងទៅលើកូនស្រីខ្លួនម្នាក់ទៀតបម្រុងដុតសម្លាប់ទាំងអស់គ្នាក៏ត្រូវបានអ្នកជិតខាងស្ទុះទៅចាប់ឃាត់ និងខលប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ ចុះធ្វើអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសឈ្មោះ នី ផល្លី យកមកចាត់ការតាមនីតិវិធីច្បាប់និងបានពិនិត្យឃើញថា ជនសង្ស័យមានជាប់សារធាតុញៀនក្នុងខ្លួនផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ សហការី