ព័ត៌មានទាន់ហេតុការណ៍៖

តោះនាំគ្នាស្វែងយល់បន្តិច «អ្វីទៅជាសេវាកាតព្វសកល (USO) នៅក្នុងវិស័យទូរគមនាគមន៍»?

ចែករំលែក៖

ភ្នំពេញ ៖ សេវាកាតព្វកិច្ចសកល ឬ The Universal Service Obligation (USO)  នៅក្នុងវិស័យទូរគមនាគមន៍ គឺជាកិច្ចការពារផលប្រយោជន៍ដល់អ្នកប្រើប្រាស់ក្នុងរយៈពេលយូរអង្វែង របស់រដ្ឋ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបអាចមានលទ្ធភាពលុកចូលទៅប្រើប្រាស់សេវាទូរគមនាគមន៍គ្រប់ប្រភេទ រួមមានសេវាទូរស័ព្ទចល័ត សេវាទូរស័ព្ទអចល័ត សេវាទូរស័ព្ទសាធារណៈ និងសេវាអ៉ីនធឺណិត នៅគ្រប់ទីកន្លែង ទោះជារស់នៅក្នុងតំបន់ទីជនបទឆ្ងាយដាច់ស្រយាលក៏ដោយ។

កាតព្វកិច្ចក្នុងការផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់សេវាជាសកល ឬហៅជាភាសាបរទេសថា Universal Access Obligation (UAO) ត្រូវបានកំណត់ជានិយមន័យផ្តាច់មុខនៃសេវាកាតព្វកិច្ចសកលដែលបានផ្លាស់ប្តូរ។ បណ្តាបច្ចេកវិទ្យានៃការផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់សេវា ឬហៅថា Access Technologies ត្រូវបានប្រើប្រាស់ ដើម្បីផ្តល់នូវកាតព្វកិច្ចក្នុងការផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់សេវាជាសកល ដោយមិនមានដែនកំណត់ ហើយបច្ចេកវិទ្យានៃការផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់សេវា ដែលឆ្លើយតបទៅនឹងការតភ្ជាប់ល្បឿន និងតម្រូវការនៃប្រតិបត្តិការ សម្រាប់សេវាអត្តសញ្ញាណកម្មឌីជីថល ត្រូវរាប់បញ្ចូលទាំងនៅក្នុងសេវាកាតព្វកិច្ចសកលដែលបានផ្លាស់ប្តូរផងដែរ។

ហើយអ្វីទីជា «មូលនិធិសេវាកាតព្វកិច្ចសកល ឬ Universal Service Obligation Fund (USOF)»? 

វាជាផ្នែកមួយក្រៅពីតម្លៃទុនកម្រឹតខ្ពស់នៃការផ្តល់សេវាទូរគមនាគមន៍ នៅក្នុងទីជនបទ និងតំបន់ឆ្ងាយដាច់ស្រយាល ដែលតំបន់ទាំងនោះជាតំបន់រកចំណូលមិនបានច្រើន ដោយសារតែដង់ស៊ីតេប្រជាពលរដ្ឋរស់នៅមានចំនួនតិចបំផុត និងមានចំណូលតិច និងនៅទន់ខ្សោយលើសកម្មភាពពាណិកម្ម។

ដូច្នេះហើយ បើរដ្ឋជម្រុញឲ្យប្រើប្រាស់ឋាមពលទីផ្សារតែឯកឯង នឹងមិនអាចទៅរួចឡើយ សម្រាប់ការពង្រីកនិងការបម្រើសេវាទូរគមនាគមន៍ ឱ្យបានគ្រប់គ្រាន់ទៅដល់តំបន់ាតីជនបទនិងតំបន់ឆ្ងាយដាច់ស្រយាលទាំងនោះបានទេ។ ដោយមើលឃើញពីភាពមិនគ្រប់គ្រាន់នៃយន្តការទីផ្សារ សម្រាប់ការពង្រីកនិងការបម្រើសេវាទូរគមនាគមន៍នៅតាមតំបន់ទីជនបទនិងតំបន់ដែលមិនអាចចូលទៅដល់បាន និងសារៈសំខាន់នៃការផ្តល់ការតភ្ជាប់បណ្តាញទូរគមនាគមន៍ឲ្យបានគ្រប់ទិសទីនិងគ្រប់មនុស្សឲ្យមានលទ្ធភាពលុកចូលទៅប្រើប្រាស់សេវាទូរគមនាគមន៍គ្រប់ប្រភេទ នៅតាមទីជនបទ និងតាមតំបន់ឆ្ងាយដាច់ស្រយាល ទើបរដ្ឋនៃបណ្តាប្រទេសភាគច្រើននៃពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ បានដាក់ចេញនូវគោលនយោបាយ ដើម្បីប្រមូលមូលនិធិមួយនេះ ដែលបានមកពីការបង់វិភាគទានជាភាគរយនៃផលចំណូលដុលដែលរកបានរបស់ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ នៅក្នុងតំបន់ពាណិជ្ជកម្មនិងក្នុងតំបន់មានដង់ស៊ីតេប្រជាជនរស់នៅច្រើន ដើម្បីរដ្ឋមានលទ្ធភាពរៀបចំផែនការយុទ្ធសាស្រ្ត និងផែនទីបង្ហាញផ្លូវ ដើម្បីធ្វើការអភិវឌ្ឍទៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានអាចផ្តល់លទ្ធភាពដល់ប្រតិបត្តិករទូរគមនាគមន៍បានប្រើប្រាស់ជាហេដ្ឋារចនាសម្ព័ន្ធរួមកាត់បន្ថយទុនវិនិយោគ ដើម្បីបានផ្តល់សេវា កាតព្វកិច្ចសកល និងសេវាសកល នៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឲ្យដល់ទីជនបទ និងកន្លែងឆ្ងាយដាច់ស្រយាលពុំមានសកម្មភាពពាណិជ្ជកម្ម និងមិនអាចចូលទៅដល់ ។

នៅកម្ពុជាយើង មានចងនៅក្នុងមាត្រា៣៩ មាត្រា៤០ មាត្រា៤១ និងមាត្រា៤២ នៃច្បាប់ស្តីពីទូរគមនាគមន៍ ឆ្នាំ២០១៥ ដោយចែងបញ្ញត្តិថា «ប្រតិបត្តិករទូរគមនាគមន៍ ត្រូវចូលរួមលើកកម្ពស់សេវាកាតព្វសកល ដោយត្រូវបង់វិភាគទានចំនួន ២ (ពីរ) ភាគរយនៃចំណុល ក្នុងមួយឆ្នាំ ដែលរកបានពីការផ្តល់សេវាទូរគមនាគមន៍គ្រប់ប្រភេទរបស់ខ្លួន ចូលទៅក្នុងមូលនិធិសេវាកាតព្វកិច្ចសកល»! ៕

ដោយ ៖ អុឹម វុត្ថា


ចែករំលែក៖