ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបេីករថយន្តរេចង្កូតទៅបុករបាំងថ្ម​និងរបងផ្ទះប្រជាពលរដ្ឋក្រឡាប់ផ្ងារជើងទ្រមេឃ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់​ស្រវឹងស្រាខ្លាំងបានបើករថយន្តមួយគ្រឿងយ៉ាងលឿន ខណៈដល់ផ្លូវកោងមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់ រីឯរថយន្តបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករបងច្រកចូលផ្ទះពលរដ្ឋក្រឡាប់ផ្ងារជេីងទ្រមេឃ​ កាលពីវេលាម៉ោង៣និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ទី១០ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខវិទ្យាល័យជាស៊ីម សាមគ្គី តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​    បេីតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា​ ដំបូងឡើយគេឃើញរថយន្តម៉ាក TOYOTA VIOS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN-4356 បើកបរដោយបុរសម្នាក់​ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើដោយសារតែផ្លូវកោងផងគួបផ្សំនឹងល្បឿនលឿនផង មិនប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់​ ហើយរថយន្តក៏រេចង្កូតមកខាងស្ដាំដៃទៅបុកជញ្ជាំងរបងច្រកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើតែម្ដង​។ ភ្លាមៗនោះគេឃើញអ្នកបើកបរបានលូនចេញពីក្នុងរថយន្តមានសភាពស្រវឹងស្រា និងបានចាកចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង។

​   ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖