ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បេីករថយន្តកុងតឺន័ររេចង្កូតទៅបុកខឿនថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់បង្គោលភ្លេីងបំភ្លឺផ្លូវមួយដេីមនិងផ្លាកប៉ាណូមួយដើមទៀត

ចែករំលែក៖

ភ្នំពេញ៖ បង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបានបាក់រួមជាមួយផ្លាកប៉ាណូមួយដើមទៀត បន្ទាប់ពីមានបុរសម្នាក់បេីករថយន្តកុងតឺន័រមួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតទៅបុកខឿនថ្មចែកទ្រូវផ្លូវយ៉ាងពេញទំហឹង។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣នៅចំណុចមុខវត្តច្បារអំពៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តកុងតឺន័រ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E.3022 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើតដោយមានល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្តបង្កហោះឡេីងលេីខឿនថ្មចែកទ្រូងផ្លូវជ្រុលទៅបុកផ្លាកប៉ាណូបាក់អស់មួយដេីម និងបាក់បង្គោលភ្លេីងបំភ្លឺផ្លូវចំនួនមួយដេីមទៀតខូចខាតយ៉ាងដំណំ តែក្នុងករណីនេះមិនបង្កឱ្យអ្នកណាម្នាក់រងរបួសនោះទេ ។

​    ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកេីតហេតុធ្វើការវាស់វែងនិងអូសយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕

ដោយ​៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖