ព័ត៌មានទាន់ហេតុការណ៍៖

កម្មករចម្ការចេកជាង២០០នាក់សំណូមពរឲ្យក្រុមហ៊ុនវៀតណាមបើកប្រាក់ខែជាង២០០លានរៀលតែមេការរត់បាត់

ចែករំលែក៖

ខេត្តរតនគិរី ៖ កម្មករជាង២០០នាក់ដែលបំរើការនៅក្រុមហ៊ុន ហង អញ់ អណ្ដូងមាស ចម្កាចេករបស់វៀតណាម ដែលមានទីតាំងនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី បានជួបជុំគ្នានៅខាងមុខក្រុមហ៊ុនដើម្បីតវ៉ានិងស្នើសុំតំណាងក្រុមហ៊ុនឲ្យបើកប្រាក់ខែពួកគាត់ដែលមានទំហំទឹកប្រាក់ដល់ទៅចំនួន២៤៨,៣៦១,៨០០រៀល។

 អ្នកស្រី យ៉ែម ណុប តំណាងឲ្យកម្មករដែលរងគ្រោះបានប្រាប់ឲ្យដឹងថាកន្លងមកនាយកក្រុមហ៊ុនចម្ការចេកហង អញ់អណ្ដូងមាសបានផ្ដល់សិទ្ធិ ឲ្យឈ្មោះ វង្ស ជនជាតិវៀតណាមជាអ្នក មើលចាត់ចែងការងារដាំដុះថែទាំដំណាំចេកជំនួសក្រុមហ៊ុន ពោលគឺជាមេការ ឡូ (មេការរួម)ហើយមេការឡូនោះបានមើលលើមេការផ្នែកប្រមាណចំនួន១០នាក់ទៀតដែលក្នុងមេការម្នាក់មានកម្មករចាប់ពី៥០នាក់ទៅ៦០នាក់។

តំណាង កម្មករ បានឲ្យដឹងទៀតថានៅពេលចុះធ្វើការ មេ ការឡូ សន្យាថានិងបើកប្រាក់ពលកម្ម ឲ្យកម្មករ ពីរដងក្នុងមួយខែ ក៏ប៉ុន្ដែជាក់ស្ដែងមេការឡូមិនបានបើកប្រាក់ឲ្យគ្រប់ចំនួននោះឡើយ គឺបើកឲ្យតែថ្លៃម្ហូបស្ទើរមិនចង់គ្រប់ផងទេ។

តំណាងកម្មករ បានបញ្ជាក់ថានៅពេល មេការឡូមិនបានបើកប្រាក់ខែឲ្យបានទៀងទាត់ ក្នុងនាមជាអ្នកម៉ៅការបានទៅខ្លីបុលប្រាក់ពីធនាគារយកមកប្រើប្រាស់គឺបើកឲ្យកម្មករដើម្បីកុំឲ្យស្ទះការងារ ប៉ុន្ដែឈ្មោះ វង្ស ដែលមេការឡូជនជាតិវៀតណាមនោះបានពន្យារពេលពុំបានបើកលុយឲ្យមេការខ្មែរ១០នាក់គឺចាប់ពីខែកក្កដាឆ្នាំ២០២២រហូតមកដល់ខែសីហាឆ្នាំ២០២៣នេះធ្វើឲ្យថ្លៃពលកម្មកើនប្រាក់ដល់ជាង២៤៨,៣៦១,៨០០រៀល។

កាលពីខែមេសាឆ្នាំ២០២២តំណាងកម្មករក៏ធ្លាប់បានទៅដាក់ពាក្យប្ដឹងទៅសាលាដំបូងខេត្តរតនគិរី តុលាការបានកោះហៅខាងក្រុមហ៊ុនហង អញ់ អណ្ដូងមាសឲ្យចូលខ្លួនមកធ្វើការដោះស្រាយដែរ តែក្រុមហ៊ុននៅតែពុំបានបើកប្រាក់ខែឲ្យកម្មករទាំងជាង២០០នាក់នោះទេ។

លុះមកដល់ខែកក្កដាឆ្នាំ២០២៣កម្មករនោះបាននាំគ្នាមកកាន់សាលាខេត្តរតនគិរីដើម្បីសុំឲ្យអភិបាលខេត្តជួយអន្ដរាគមន៍ព្រោះពួកគាត់គ្មានប្រាក់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃនិងសម្រាប់បង់ការប្រាក់ធនាគារទេ។

លោកញ៉ែម សំអឿន អភិបាលខេត្តរនគិរីក៏បានចេញលិខិតមួយច្បាប់បញ្ជូនទៅលោកសេក ហៃ អភិបាលស្រុកកូនមុំ ឲ្យធ្វើការដោះស្រាយរវាងក្រុមហ៊ុននិងកម្មករឲ្យបានជ្រះស្រឡះ តែមកដល់ពេលនេះតំណាងកម្មករថា លោកសេក ហៃ នៅពុំទាន់បានដោះស្រោយជូនពួកគាត់នៅឡើយ។

ខណៈពេលនេះតំណាងកម្មករនៅចម្ការចេកបានបញ្ជាក់ថាមេការឡូ ឈ្មោះ វង្ស នោះ ត្រូវបានក្រុមហ៊ុនឲ្យត្រឡប់ទៅប្រទេសវៀតណាមវិញបាត់ហើយតែរឿងនេះពួកគាត់សុំឲ្យខាងក្រុមហ៊ុនចេញមុខទទួលសងប្រាក់ជាង២០០លានរៀលនោះព្រោះមេការឡូនោះជាមនុស្សរបស់ក្រុមហ៊ុនហងអញ់អណ្ដូងមាស។

លោកសេក ហៃ អភិបាលស្រុកកូនមុំបានប្រាប់ឲ្យដឹងដែរថា ករណីខាងលើកម្មករធ្លាប់បាន ប្ដឹងក្រុមហ៊ុនចម្ការចេកទៅតុលាការរួចម្ដងហើយគឺតាមរយ:មន្ទីរការងារតែពុំដឹងថាមានដំណោះស្រាយយ៉ាងណានោះទ។

 នៅថ្ងៃខាងមុខលោកនិងអញ្ជើញភាគីកម្មករឲ្យមកសាលាស្រុកដើម្បីបំភ្លឺបន្ថែម៕

(ឈ្មោះ.វង្ស.រត់ទៅវៀតណាមបាត់)

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖