ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់! ដោយសារតែជិះម៉ូតូបុកគ្នាជាមួយម៉ូតូសណ្តោងរ៉ឺម៉កបើកបញ្ច្រាសទិសគ្នានៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាកម្មករសំណង់ម្នាក់បានស្លាប់នៅនឹងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់រវាងម៉ូតូបុកគ្នាជាមួយម៉ូតូសណ្តោងរ៉ឺម៉កដែលបើកបញ្ច្រាសទិសគ្នានៅស្រុកស្វាយទាប។

    ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៥និង៥៥នាទីល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ នៅលើផ្លូវលេខ៣១៧ B ស្ថិតនៅភូមិកំពង់រទេះ ឃុំ ពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសរងគ្រោះមានឈ្មោះកែវ រាប អាយុ៥៥ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ចំណែកអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កមានឈ្មោះឈា សីហា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិកំពោតស្គារ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

    តាមសាក្សីបានអោយដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បានបើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាកស៊ីទី ពណ៌ក្រហម គ្មានស្លាកលេខ ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហាស៊ីរួស ពណ៌ក្រហម គ្មានស្លាកលេខបើកមិនប្រកាន់ស្ដាំមកបុកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

    បច្ចុប្បន្នមធ្យោបាយធ្វើដំណើរម៉ូតូទាំង២គ្រឿង សមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលពពែត។

    ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖ សុថាន


ចែករំលែក៖