ខេត្តមណ្ឌលគិរី ៖ អធិការដ្ឋាននគរបាលស្រុកកែវសីមា បានកសាងសំណុំរឿងបញ្ជូនបុរស ២នាក់ ទៅស្ថាប័នអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី៩ សីហានេះ ក្នុងករណីព្យាយាមរំដោះគ្រឿងចក្រចេញពីទីតាំងឈូសឆាយដីដោយខុសច្បាប់មួយកន្លែង នៅក្នុងភូមិ សាស្ត្រ ឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរី។
ប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការឯកភាពស្រុកកែវសីមា លោក សុះ មីឡែន ឲ្យដឹងថា គណៈបញ្ជាការដែលមានសមាសភាពនគរបាល,កងរាជអាវុធហត្ថ,មន្ត្រីរដ្ឋបាលព្រៃឈើក្រោមកិច្ចសម្របសម្រួលពីលោក អ៊ាង សុគន្ធព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបានឡោម ព័ទ្ធចាប់រថយន្តដឹកគ្រឿងចក្រ១គ្រឿង និងអេស្កាវ៉ាទ័រ ១គ្រឿងដែលព្យាយាមបើករត់គេចចេញពីទីតាំងឈូសឆាយស្ថិតនៅភូមិព្រះឃុំស្រែឈូកស្រុកកែវសីមា ដែលជាដីស្ថានីយផ្សព្វផ្សាយ និងស្តាព្រៃឈើចុងផ្លាស់។ លោកបន្តថា ទីតាំងដែលត្រូវឈូសឆាយនោះ ស្ថិតលើទំហំផ្ទៃដីជាង ១០០ហិកតា នៃនិយាមការ ៦៦៣៥១៧-១៣៣៨៨ ៣៧ ។
អធិការនគរបាលស្រុកកែវសីមា លោក ហេង អ៊ួង បានបញ្ជាក់ថា ជនសង្ស័យទាំងពីរ,ឈ្មោះអូន តុលា ភេទ ប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិស្វាយជ្រះ ឃុំស្វាយ ជ្រះ ស្រុកស្នួល ខេត្តក្រចេះ និងឈ្មោះ ចំរើន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះនោះ ត្រូវបានបញ្ជួនទៅតុលាការនៅវេលាថ្ងៃត្រង់ ថ្ងៃទី៩ សីហានេះ រួចរាល់ហើយ។
នាយសង្កាត់រដ្ឋបាលព្រៃឈើចុងផ្លាស់+ស្រែព្រះ លោក ឈាង ណាក់ បញ្ជាក់ថា គ្រឿងចក្រទាំងនេះលបលួចធ្វើសកម្មភាពរយៈពេលជាង៣ខែមកហើយ ដោយពួក គេវាយដកៗ ក្នុងរបៀបឆ្មក់ឱកាស។ លោកថា ដោយពិនិត្យឃើញសកម្មភាពទាំងនោះផ្ទុយពីច្បាប់ស្តីពីព្រៃឈើ ក្រុមកាងារសម្រេចចាប់ឃាត់ និងដកហូតវត្ថុតាងយកមករក្សាទុកបណ្តោះអាសន្ន នៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើសិន។ លោកនាយសង្កាត់បានបញ្ជាក់បន្តថា ជនសង្ស័យទាំង ២នាក់ រួមទាំងបក្សពួក កំពុងរងនូវបទចោទពីបទកាប់រានព្រៃ ឈូសឆាយដីព្រៃ និងហ៊ុំព័ទ្ធកាន់កាប់ដីព្រៃដោយគ្មានលិខិតអនុញ្ញាត។
មុនប្រតិបត្តការឈានទៅរកការបង្ក្រាបនេះ លោកនាយសង្កាត់ថា មានដល់ទៅ ៣ក្រុមឯណោះ គ្រឿងចក្រនេះ ហើយស្ថិតក្នុងដៃឈ្មោះ រឿន ជាមេការ ចំណែកឈ្មោះ ម៉ៅ ជាម្ចាស់គ្រឿងចក្រដែលបានបង្រាបនេះ ។ រីឯក្រុម មេការ និងម្ចាស់គ្រឿងចក្រ ត្រូវគេរាយការណ៍មកថា តែងតែចេញចូលផ្ទះឈ្មោះជា ដែលមានតួនាទីជាមេភូមិព្រះ ប៉ុន្តែអាថ៌កំបាំងស៊ីជម្រៅរបស់ពួកគេយ៉ាងណាលោកមិនច្បាស់ដែរ។
សូមបញ្ជាក់ថា ក្រោយបែកធ្លាយថា លោកនាយសង្កាត់លបចូលទៅបង្ក្រាបតែម្នាក់ឯង ក្រុមគ្រឿងចក្របានព្យាយាមរត់ចេញពីទីតាំងឈូសឆាយចំងាយប្រមាណជាង ២ គីឡូម៉ែត្រ តែត្រូវលោក ឈាង ណាក់ ស្ទាក់ និងហៅកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះជួយតែម្តង រហូតដល់ឃាត់ជនសង្ស័យជាកម្មកររួមទាំងវត្ថុងតាងបញ្ជួនទៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង និងអាចឈានទៅរកមនុស្សដែលនៅពីក្រោយខ្នង ៕
ដោយ៖ សូរិយា