ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួសធ្ងន់២នាក់ដោយគ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់និងរងរបួសធ្ងន់២នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅស្រុករមាសហែក។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាករណីទី១បានកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃទី១១ខែសីហា ឆ្នាំ២០២៣ លើផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង មានម៉ូតូមួយគ្រឿងម៉ាក HONDA C១២៥ ពណ៌ខ្មៅ ស៊េរី២០០០ គ្មានស្លាកលេខ បើកបដោយឈ្មោះ ខៀវ ហុន ភេទស្រី អាយុ ៦៥ឆ្នាំ មុខរបរ កសិករ  រស់នៅភូមិជីកដី ឃុំអណ្តូងត្របែកស្រុករមាសហែក ខេត្តស្វាយរៀង ធ្វើដំណើរពីទិសខាងកើតទៅលិច ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាក និងមិនស្គាល់អត្តសញ្ញាណ ដោយបើកស្របទិសគ្នាបុកពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នករងរបួសធ្ងន់  ត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

ករណី ទី២បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១១ខែសីហា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ១៣ ក្រាលកៅស៊ូចន្លោះគីឡូម៉ែត្រលេខ៤០និង៤១  ត្រង់ចំណុចភូមិត្រពាំងប្រិយ៍ ឃុំអំពិល ស្រុករមាសហែក មាន ឈ្មោះ ជាង មន  ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង បើករថយន្ដ ម៉ាកSCANIA ពណ៌ស ចំណុះ២៤តោន ប្រភេទបែន គ្មានស្លាកលេខ ដឹកដីពេញ បែកកង់ក្រោយឈប់ចតលើផ្លូវ គ្មានប្រពន្ធ័ភ្លើង បើកពីទិសខាងត្បូងទៅជើង ខណៈនោះស្រាប់តែមានម៉ូតូ មួយគ្រឿងម៉ាក HONDA C១២៥ ពណ៌ក្រហម ស៊េរី២០១៩ ពាក់ស្លាកលេខ បាត់ដំបង ១C៨១៥៩បើកបរដោយឈ្មោះ បាន វិបុល  ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិត្រពាំងពពេល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ធ្វើដំណើរស្របទិសគ្នាក៏បុកពីក្រោយពេញទំហឹង បណ្ដាលអោយរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ប៉ុន្តែអកុសល ដោយស្ថានភាពធ្ងន់ធ្ងរពេកក៏បានស្លាប់គួរអោយសង្វេគ ។

ក្រោយពីកើតហេតុ អ្នកបើករថយន្តឃើញសភាពការណ៍មិនស្រួលក៏បានរត់គេចខ្លួនបាត់ស្រមោល។

និងករណីទី៣ កើតឡើងកាលពីវេលាម៉ោង៦និង៥៥នាទីព្រលប់ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ១៣ ក្រាលកៅស៊ូចន្លោះគីឡូម៉ែត្រលេខ២៨និង២៩  ត្រង់ចំណុចភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ។

មានឈ្មោះ ឡូញ សុវណ្ណារិទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកសិករ  រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកម៉ូតូ ម៉ាក YAMAHA EXCITER ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរ បើកពីទិសខាងជើងទៅត្បូង ប្រើប្រាស់ល្បឿនលឿនបុករថយន្ដពីក្រោយ  រថយន្តមួយគ្រឿង ដែលមិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ បើកពីទិសខាងជើងទៅត្បូងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ៕

ដោយ៖ សុថាន


ចែករំលែក៖