ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលសម្រេចបិទ និងដកហូតសេក្តីសម្រេចឱ្យបើកមន្ទីរពេទ្យ ប៊ីធនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមការចុះត្រួតពិនិត្យរបស់ក្រុមការងារចម្រុះ នៅមន្ទីរពេទ្យ ប៊ីធនកម្ពុជា មានទីតាំងស្ថិតនៅផ្ទះលេខ៥០៦ មហាវិថី ព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានរកឃើញថា មន្ទីរពេទ្យនេះមិនបានគោរពលក្ខខណ្ឌ បច្ចេកទេស មិនគោរពកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរពេទ្យ និងមិនអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកប វិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១០០/១០ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០០ និងអនុក្រឹត្យលេខ៩៤អនក្រ.បក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០២ របស់រាជរដ្ឋាភិបាលស្តីពីបែបបទ និងល័ក្ខខ័ណ្ឌនៃការអនុញ្ញាតឱ្យជនបរទេសជាអ្នកវេជ្ជសាស្ត្រ អមវេជ្ជសាស្ត និងជំនួយវេជ្ជសាស្ត្រប្រកបវិជ្ជាជីវៈឯកជនក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រកាសលេខ០៣៤ អបស.មព ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១១ របស់ក្រសួងសុខាភិបាល មន្ទីរពេទ្យនេះបានអនុញ្ញាតដោយខុសច្បាប់ឱ្យគ្រូពេទ្យជាជនបរទេស គ្មាន អាជ្ញាប័ណ្ណគណៈគ្រូពេទ្យកម្ពុជា ជាអ្នកព្យាបាលអ្នកជំងឺម្នាក់ជាជនបរទេសបណ្ដាលឱ្យស្លាប់ នៅក្នុងមន្ទីរពេទ្យ ប៊ីធនកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលបានសម្រេចបិទ និងដកហូតសេចក្ដីសម្រេចស្ដីពីការបើក មន្ទីរពេទ្យ ប៊ីធន កម្ពុជា ហើយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងបន្តនីតិវិធីស្រាវជ្រាវ និងអនុវត្តវិធានការច្បាប់ជា ធរមាន ចំពោះម្ចាស់មន្ទីរពេទ្យ និងគ្រូពេទ្យដែលពាក់ព័ន្ធក្នុងករណីខាងលើ។

ដើម្បីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ក្រសួងសុខាភិបាល សូមណែនាំដល់ម្ចាស់មូលដ្ឋានសុខាភិបាល ឯកជនទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖