ព័ត៌មានទាន់ហេតុការណ៍៖

លោកវរសេនីយ៍ឯក​ ហ៊ាង​ ថារ៉េត​ អធិការនគរបាលខណ្ឌឬស្សីកែវ​ធ្វើសន្និសីទសារព័ត៌មានបំភ្លឺជូនសាធារណជនជុំវិញករណីជនជាតិវៀតណាម​និងជនជាតិខ្មែរ​បានបង្កហិង្សាដាក់គ្នាទៅវិញទៅមក​ ដោយសារតែការចូលទៅស្ទូចត្រីនៅក្នុងស្រះចិញ្ចឹម​ត្រីមួយកន្លែង​

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២១:៣០នាទី មាន ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(វាយគ្នាទៅវិញទៅមកប្រដាប់ដោយឈើជ្រុង, ដាវកែច្នៃ, កាំបិតប៉័ងតោ, កាំបិតផ្គាក់, ដំបងឆក់) ប្រព្រឹត្តនៅចំណុចផ្លូវលេខ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក រាជធានីភ្នំពេញ។ 

    ចំពោះករណីនេះ មានគូភាគីពីរបង្កឱ្យមានអំពើហិង្សាកើតឡើង គឺគូភាគីម្ខាងដែលជាជនជាតិខ្មែរបានចូលទៅស្ទូចត្រីក្នុងស្រះចិញ្ចឹមត្រីរបស់ភាគីម្ខាងទៀតជាជនជាតិវៀតណាមដែលរស់នៅស្រុកខ្មែរ។ ពេលភាគីខាងជនជាតិវៀតណាមឃើញក៏បានហៅបក្ខពួកមកដេញចាប់រហូតដល់ត្រង់ចំណុច កើតហេតុខាងលើក៏បានចាប់ភាគីខាងជនជាតិខ្មែរបានម្នាក់ ពេលនោះភាគីខាងជនជាតិខ្មែរក៏បាននាំគ្នាមកតទល់គ្នា រហូតបង្កឱ្យមានហិង្សាកើតឡើងឈានទៅដល់មានការប្រើប្រាស់ឈើជ្រុង, ដាវកែច្នៃ, កាំបិត, ដំបងឆក់ វាយគ្នាទៅវិញទៅមកបណ្តាលឱ្យមានរបួសធ្ងន់ស្រាលទាំងសងខាង។ 

    ក្រោយពេលកើតហេតុ សមត្ថកិច្ចយើងបានហៅគូភាគីទាំងពីរមកអង្គភាពនគរបាលដើម្បីបំភ្លឺដោយអនុវត្តទៅតាមនីវិធីរបស់នគរបាល។ បន្ទាប់ពីបំភ្លឺរួច មានអ្នកពាក់ព័ន្ធនឹងករណីបង្កហិង្សានេះចំនួន ១២នាក់ ខាងភាគីខាងជនជាតិវៀតណាម ចំនួន០៦នាក់ និងភាគីខាងជនជាតិខ្មែរ ចំនួន០៦នាក់។ បន្ទាប់ពីរាយការណ៍ជូនថ្នាក់ដឹកនាំនគរបាលតាមលំដាប់ថ្នាក់ និងរាយការណ៍ជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍ លោកព្រះរាជអាជ្ញាបានបញ្ជាឱ្យឃាត់ខ្លួន និងកសាងសំណុំរឿង ភាគីទាំងសងខាង សរុបចំនួន១២នាក់ បញ្ជូនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញចាត់ការបន្តតាមច្បាប់។ ចំពោះករណីនេះ មានប្រជាពលរដ្ឋនិងសាព័ត៌មានមួយចំនួនបានផ្សព្វផ្សាយព័ត៌មានខុសពីការណ៍ពិត និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ចយើង។ 

    នគរបាលខណ្ឌឫស្សីកែវសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងបណ្ដាអ្នកសារព័ត៌មានទាំងឡាយ មុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយសូមឱ្យពិនិត្យ និងសាកសួរគ្រប់គូភាគីនិងសមត្ថកិច្ច ជៀសវាងការលើកឡើងព័ត៌មានតែមួយជ្រុងឬភាគីម្ខាង ដែលធ្វើឱ្យប្រជាពលរដ្ឋទូទៅមានការភ័ន្តច្រឡំ និងចោទប្រកាន់ទៅលើភាគីណាមួយខុសពីការណ៍ពិត ព្រមទាំងមានការរើសអើង។

    ជាចុងក្រោយ នគរបាលខណ្ឌឫស្សីកែវ បានអំពាវនាវដល់សាធារណជនក៏ដូចជាប្រជាពលរដ្ឋ អ្នកសារព័ត៌មានចូលរួមសហការផ្តល់ព័ត៌មាន ឬសុំអន្តរាគមន៍មកសមត្ថកិច្ចក្នុងមូលដ្ឋាន ជៀសវាងការបង្កអំពើហិង្សា និងការផ្សព្វផ្សាយព័ត៌មាន មិនពិត ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖