ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាផ្ទៃក្នុងស្ដីពី ដំណើរអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ

ចែករំលែក៖

ខេត្តសៀមរាប៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ដំណើរអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ (សម្បត្តិវប្បធម៌ បរិស្ថាន និងសង្គម មនុស្ស)» ដើម្បីផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ ដល់មន្រ្តី,បុគ្គលិក សរុបចំនួន ១០០នាក់ ក្រោមអធិបតីភាពលោកសុខ លក្ខិណា តំណាងលោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាអ្នកតំណាងគ្រប់គ្រងបរិស្ថា ។

សិក្ខាសាលានាឱកាសនេះ មានបទបង្ហាញចំនួន៣សំខាន់ៗ ពីវាគ្មិនដែលជាមន្រ្តីជំនាញរបស់អាជ្ញាធរជាតិអប្សរា។ ទី១ បទបង្ហាញស្តីពី សម្បត្តិវប្បធម៌-បរិស្ថាន និងសង្គមមនុស្ស។ ទី២ បទបង្ហាញស្តីពី ការរួមចំណែករបស់នាយកដ្ឋានគ្រប់គ្រងដីធ្លីបេតិកភណ្ឌក្រុង និងសហគមន៍ ក្នុងដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ។ ទី៣ បទបង្ហាញស្តីពី ប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងការជួសជុល។ បន្ថែមពីលើនេះ ក៏មានសំណួរ- ចម្លើយ និងមតិសំណូមពរផ្សេងៗ ដើម្បីឱ្យសិក្ខាសាលាកាន់តែមានប្រសិទ្ធិភាពខ្ពស់។

សូមរំឮកថា អាជ្ញាធរជាតិអប្សរា តែងតែរៀបចំសិក្ខា សាលា ស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរជាទៀងទាត់ ៤ដងក្នុងមួយឆ្នាំ ដល់មន្រ្តី-បុគ្គលិកគ្រប់រូបដើម្បីការចូលរួមអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ជួយថែរក្សាការពារមរតក និងបរិស្ថានអង្គរឱ្យបានគង់វង្ស៕

ដោយ៖ សូរិយា


ចែករំលែក៖