ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានប្តេជ្ញាចិត្តបំពេញភារកិច្ចជូនជាតិ និងប្រជាជន ឲ្យបានល្អប្រសើរក្នុងវិស័យមុខងារសាធារណៈ។ ការបញ្ជាក់នេះ បានធ្វើឡើងក្រោយពេលដែលរូបលោក ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧។
លោក ហ៊ុន ម៉ានី តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានសរសេរយ៉ាងដូច្នេះថា៖
ជាមហាកិត្តិយស និងជាមោទកភាពដ៏ធំធេង ដែលរូបខ្ញុំត្រូវបានផ្តល់ឱកាស និងសេចក្តីទុកចិត្ត ទទួលបានភារកិច្ចជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាសម័យប្រជុំពេញអង្គនៃរដ្ឋសភានីតិកាលទី៧ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ លើសពីកិត្តិយស តួនាទីនេះគឺជាការទទួលខុសត្រូវដ៏ធំធេងមួយ ដែលទាមទារនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចជាច្រើនបន្ថែមទៀតជូនប្រទេសជាតិ និងប្រជាជន ជាពិសេស ក្នុងវិស័យមុខងារសាធារណៈ។
ក្នុងឱកាសនេះ ទូលព្រះបង្គំជាខ្ញុំ សូមក្រាបថ្វាយនូវកតញ្ញុតាដ៏ខ្ពង់ខ្ពស់បំផុត និងអំណរព្រះរាជគុណថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សូមថ្លែងអំណរគុណដល់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់សេចក្តីទុកចិត្តដល់រូបខ្ញុំដើម្បីទទួលតួនាទី និងភារកិច្ចដឹកនាំក្រសួងមុខងារសាធារណៈ ស្របពេលជាមួយនឹងការវិវឌ្ឍរបស់សង្គម ដែលជានិយាម ឆ្ពោះទៅកាន់តម្រូវការក្នុងការកែទម្រង់ជាចាំបាច់ និងជាបន្តបន្ទាប់។
ដ្បិតថានេះជាការទទួលតួនាទី ឬជាមុខតំណែងថ្មី តែខ្ញុំមានជំនឿទុកចិត្តខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបាន និងកំពុងបំពេញការងារនៅក្រសួងមុខងារសាធារណៈតាំងតែពីការកកើត រហូតមកដល់ពេលបច្ចុប្បន្ន។ កិច្ចការឆ្ពោះទៅអនាគតរបស់យើង គឺជាការបន្តបេសកកម្មរបស់ថ្នាក់ដឹកនាំមុនៗ ដែលយើងខ្ញុំ និងក្រុមការងារទាំងអស់គ្នាគិតថា កិច្ចការដែលលោកបានឆ្លងកាត់ មិនសាមញ្ញ និងងាយស្រួលនោះឡើយ។ ជាងនេះទៅទៀតនោះ កិច្ចការដែលយើងធ្វើបន្ត គឺជាការអនុវត្តតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ឲ្យបានខ្ជាប់ខ្ជួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ខ្ញុំ និងក្រុមការងារ នៃក្រសួងមុខងារសាធារណៈទាំងអស់ សូមប្តេជ្ញាខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសហការគ្នាបំពេញភារកិច្ចទាំងអស់នោះ ដើម្បីឧត្តមប្រយោជន៍នៃសង្គមជាតិ និងប្រជាជនកម្ពុជា៕
ដោយ៖ សូរិយា