អ្នកចាត់ការក្រុមមេឃខៀវ Manchester City លោក Pep Guardiolaនឹងខកខានការប្រកួត Premier League ២លើកបន្ទាប់របស់ក្រុមរបស់គាត់ បន្ទាប់ពីបានទទួលការវះកាត់របួសខ្នងតិចតួច។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្លិបបានប្រកាសថា លោក Guardiola អាយុ៥២ឆ្នាំបានឈឺខ្នងយ៉ាងខ្លាំង ហើយបានធ្វើដំណើរទៅកាន់ទីក្រុងBarcelona សម្រាប់ការសង្គ្រោះបន្ទាន់ និងវះកាត់។
លោក Guardiola ត្រូវបានគេរំពឹងថា នឹងត្រឡប់មកបំពេញកាតព្វកិច្ចវិញបន្ទាប់ពីសម្រាកអន្តរជាតិ។ ជំនួយការអ្នកចាត់ការទូទៅលោក JuanmaLillo នឹងទទួលការហ្វឹកហាត់ជាក្រុមដំបូង និងដឹកនាំពីបន្ទាត់ប៉ះកំឡុងពេលប្រកួតក្នុងអវត្តមានរបស់លោក Guardiola ។
ក្លិប Man City បានអះអាងថា ប្រតិបត្តិការដែលធ្វើឡើងដោយវេជ្ជបណ្ឌិត Mireia Illueca គឺជា ជោគជ័យ ហើយគ្រូបង្វឹកដែលដឹកនាំក្រុមឈ្នះពាន៣ក្នុងមួយរដូវកាល នឹងស្តារនីតិសម្បទានៅក្នុងទីក្រុង Barcelona។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា “មនុស្សគ្រប់គ្នានៅ Manchester City សូមជូនពរឱ្យលោក Pep ឆាប់ជាសះស្បើយ ហើយទន្ទឹងរង់ចាំឃើញគាត់ត្រលប់មកទីក្រុង Manchester វិញក្នុងពេលឆាប់ៗនេះ”។
គួរបញ្ជាក់ថា ក្រុមការពារដំណែងជើងឯក Manchester City ត្រូវទៅជួប Sheffield United នៅថ្ងៃអាទិត្យ និងទទួលជួប Fulham នៅថ្ងៃទី២ ខែកញ្ញានៅកីឡដ្ឋាន Etihad Stadium ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)