ភ្នំពេញ៖ នៅថ្ងៃពុធទី២៣ ខែសីហា ឆ្នាំ២០២៣នេះ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ពេជ ចន្ទមុន្នី ចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តី ថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ជាមួយគ្នានេះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ “ខ្ញុំម្ចាស់និងស្វាមីមានមហាកិត្តិយសដែលបានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តី ថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត🙏🙏🙏 “។
សូមជម្រាបថា លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេច ស្តីពីការកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចដល់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជាឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ សីហាម្សិលមិញនេះ រដ្ឋសភាជាតិ បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ។
សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។
សម្រាប់តំណែងឧបនាយករដ្ឋមន្ត្រី ទាំង១០រូបនោះ រួមមាន លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឧបនាយករដ្ឋមន្ត្រី វង្សី វិសុទ្ធ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៕
ដោយ៖ សហការី