ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតកម្ពុជាសហការនិងអាជ្ញាធរថៃនឹងសម្រួលដោះលែងពលករខ្មែរធ្វើការខុសច្បាប់ចំនួន៥នាក់នៅថ្ងៃអង្គារសប្តាហ៍ក្រោយ

ចែករំលែក៖

ថៃ ៖ អាជ្ញាធរថៃនឹងសម្របសម្រួលដើម្បីដោះលែងពលរដ្ឋខ្មែរចំនួន៥នាក់ដែលធ្វើការខុសច្បាប់នៅប្រទេសថៃឱ្យវិលមកកម្ពុជាវិញនៅថ្ងៃអង្គារសប្តាហ៍ក្រោយ បន្ទាប់ពីមានការជួយសម្របសម្រួលពីអនុព័ន្ធការងារកម្ពុជា និងស្ថានទូតកម្ពុជា។ 

គួរបញ្ជាក់ថា អាជ្ញាធរថៃ កាលពីថ្ងៃទី១៩ ខែ សីហាឆ្នាំ២០២៣ បានចាប់ខ្លួនពលរដ្ឋខ្មែរចំនួន៥ នាក់ដែលកំពុងប្រកបរបររកស៊ីដែលខុសច្បាប់នៅប្រទេសថៃ។ ភ្លាមៗ ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានឱ្យអនុព័ន្ធការងារចេញ ទៅដោះស្រាយនិងសម្របសម្រួលនិងស្វែង យល់ពីបញ្ហាដើម្បីស្វែងរកការដោះស្រាយ។ 

អនុព័ន្ធការងារប្រចាំស្ថានទូត បានប្រាប់អ្នកសារព័ត៌មានថា ក្រោមការសម្របសម្រួលដ៏ជិតស្និទរវាងប្រទេសជិតខាងទាំងពីរ អាជ្ញាធរថៃបានអនុញ្ញាតឱ្យពលរដ្ឋខ្មែរទាំង៥រូបអាចវិលមកកាន់កម្ពុជានៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣សប្តាហ៍ក្រោយនេះ។ 

ទន្ទឹមនឹងនេះ លោកបានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលចង់ធ្វើការនៅប្រទេសថៃ សូមធ្វើជាពលករស្របច្បាប់ទៅតាមទីភ្នាក់ងារក្រុមហ៊ុនឯកជនដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលស្គាល់ជាផ្លូវការ ព្រោះការធ្វើការដោយមិនស្របច្បាប់មានភាពប្រថុយប្រថាន និងគ្រោះថ្នាក់ និងបាត់បង់អត្ថប្រយោជន៍ ប៉ុន្តែការបម្រើការងារស្របច្បាប់វិញមិនធ្វើឱ្យពលរដ្ឋខ្មែរមានហានិភ័យការងារ និងទទួលបានអត្ថប្រយោជន៍របស់ប្រទេសជាដៃគូ។ 

លោកបន្តថា ស្ថានទូតខ្មែរ និងអនុព័ន្ធការងារកម្ពុជានៅប្រទេសថៃ មិនបានព្រងើយកន្តើយចំពោះសុខទុក្ខរបស់ពលរដ្ឋដែលប្រឈមនឹងបញ្ហាទាំនេះឡើយ។ 

បន្ថែមមពីនេះ អនុព័ន្ធការងារកម្ពុជាប្រចាំប្រទេសថៃ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងទៅធ្វើការនៅបរទេស សូមចេញទៅដោយស្របច្បាប់ និងសុវត្តិភាព ព្រមទាំងទទួលអត្ថប្រយោជន៍ផ្សេងៗស្របទៅតាមច្បាប់នៅប្រទេសទទួល ដូចនេះពលរដ្ឋខ្មែរយើងអាចចុះឈ្មោះទៅធ្វើការតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនទទួលការអនុញ្ញាតពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅបរទេស៕

ដោយ៖ សូរិយា


ចែករំលែក៖