ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនដំណឹងដល់សាធារណជន ជ្រាបថា ករណីបុគ្គល ឈ្មោះ ផាត់ ហ៊ន ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម Facebook ដែលមាន ឈ្មោះ KH Plus News ពាក់ព័ន្ធនឹងការសាងសង់ផ្លូវស្ថិតនៅឃុំដូង ស្រុករមាសហែក និងសង្កាត់ ច្រកម្ទេស ក្រុងបាវិត ដែលអនុវត្តក្រោមគម្រោងមូលនិធិឃុំ សង្កាត់ នារយៈពេលកន្លងមក រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការបញ្ជាក់បំភ្លឺដូចខាងក្រោម ៖
១.ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងការស្ថាបនាផ្លូវស្ថិតនៅឃុំដូង ស្រុករមាសហែក និងផ្លូវនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត កំពុងតែស្ថាបនាពុំទាន់រួចរាល់ ការផ្សព្វផ្សាយរបស់បុគ្គល ឈ្មោះ ផាត់ ហ៊ន គឺធ្វើក្នុងអំឡុងពេលសាងសង់ដែលអ្នកបច្ចេកទេសមិនទាន់បានចុះត្រួតពិនិត្យ នៅឡើយ។ ក្រោយពីមានការត្រួតពិនិត្យពីអ្នកបច្ចេកទេស គឺការសាងសង់ធ្វើឡើងត្រឹមត្រូវតាម លក្ខណៈបច្ចេកទេសដោយមានមេឃុំ ចៅសង្កាត់ជាម្ចាស់គម្រោង និងមានការត្រួតពិនិត្យពីមន្ត្រី បច្ចេកទេសរដ្ឋបាលខេត្ត បញ្ជាក់ថាត្រឹមត្រូវ។
២.ការផ្សព្វផ្សាយរបស់បុគ្គលឈ្មោះ ផាត់ ហ៊ន ធ្វើក្នុងនាមជាបុគ្គលឯកជនប៉ុណ្ណោះ។ ដោយហេតុថា គេហទំព័រ ខេអេច ផ្លាស ញូស៍ (KH Plus News) របស់លោក ផាត់ ហ៊ន បាន ហួសសុពលភាពរួចហើយកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ដោយពុំទាន់មានអាជ្ញាប័ណ្ណថ្មីបន្ត។ ៣.ករណីការផ្សាយរបស់បុគ្គលឈ្មោះ ផាត់ ហ៊ន នេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងមានចរិតញុះញង់ឱ្យសាធារណជនមានការរើសអើងដល់មន្ត្រីសាធារណៈ ដែល បុគ្គលរូបនេះអាចប្រឈមនឹងផ្លូវច្បាប់ជាធរមាន ៕
ដោយ ៖ សុខ ខេមរា