ព័ត៌មានទាន់ហេតុការណ៍៖

Chelsea រកឃើញជ័យជម្នះដំបូងនៅដើមរដូវកាលនេះ

ចែករំលែក៖

ខ្សែប្រយុទ្ធ Raheem Sterling រកបានគ្រាប់បាល់២គ្រាប់ម្នាក់ឯងដោយស៊ុតបាល់បញ្ចូលទីគឺនៅតង់ទី១ និងតង់ទី២ ខណៈដែល២គ្រាប់របស់គាត់ និង១គ្រាប់របស់ Nicolas Jackson បានជួយ Chelsea យកឈ្នះក្រុមភ្ញៀវ Luton ដើម្បីកត់ត្រាជ័យជម្នះលើកដំបូងរបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League ក្រោមការដឹកនាំរបស់លោក Mauricio Pochettino ។

កីឡាករវ័យ២៨ឆ្នាំ Sterling បានស៊ុតបាល់បញ្ចូលទី២គ្រាប់ និង Nicolas Jackson ១គ្រាប់កាលពីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី២៦សីហានេះ ហើយត្រឡប់ទៅរក៣ពិន្ទុដំបូងនៅសប្តាហ៍ទី៣រដូវកាលថ្មីនេះ។ Sterling ដែលបានចាប់ផ្តើមយុទ្ធនាការក្នុងទម្រង់លេងដ៏ល្អ បាននិយាយថាគាត់ចង់ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លិបនៅរដូវកាលនេះ។ គាត់បានប្រាប់ Sky Sports បន្ទាប់ពីការប្រកួតថា “វាជាគោលដៅដែលខ្ញុំត្រូវកំណត់ខ្លួនឯងក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Chelsea នៅរដូវកាលនេះ វាជាអ្វីដែលខ្ញុំដឹងថាខ្ញុំអាចធ្វើបាន” ។

Sterling បាន​ទទួល​បាល់​យ៉ាងល្អ​នៅ​ខាង​ស្ដាំពីការបញ្ជូនរបស់ Malo Gusto ស៊ុតបញ្ចូល​ទីគ្រាប់ទី១​នៅ​នាទី​ទី១៧។ ខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេសរូបនេះបានបន្ថែម១គ្រាប់នាំមុខឲ្យ Chelsea នៅនាទីទី៦៧នៅពេលដែលគាត់បានស៊ុតបញ្ចូលទីពីចម្ងាយពីការបញ្ជូនរបស់ Malo Gusto ដដែល។ Sterling បានព្យាយាមរកគ្រាប់ទី៣ ដោយបញ្ជូនបាល់ទាបចូលទៅក្នុងតំបន់គ្រោះថ្នាក់ធ្វើឲ្យ Jackson បន្ថែមគ្រាប់ទី៣ឲ្យ Chelsea ដើម្បីទទួលបានជ័យជម្នះ និងជាការរកគ្រាប់បាល់ដំបូងរបស់គាត់សម្រាប់ក្លិប។

ក្រុម Luton ដែលនៅតែស្វែងរកពិន្ទុដំបូងនៃរដូវកាលរបស់ពួកគេចាប់តាំងពីត្រូវបានដំឡើងពីក្របខ័ណ្ឌ Championship បានបរាជ័យជាលើកទី២នៅដើមរដូវកាលនេះ ដោយមិនទាន់មានពិន្ទុនៅក្នុងដៃនៅឡើយសម្រាប់២ប្រកួត។

Chelsea ដែលបានផ្តល់ជម្រើសដំបូងពេញលេញដល់កីឡាករ Moises Caicedo ដែលមានតម្លៃ១០០លានផោនរបស់ពួកគេនឹងសប្បាយចិត្តជាមួយនឹងជ័យជម្នះ ប៉ុន្តែលោកPochettino នឹងដឹងថា ពួកគេមានការងារជាច្រើននៅពេលដែលក្រុមត្រូវបន្តស្វែងរកជ័យជម្នះបន្ថែមទៀត ៕

(រូបភាព ៖ BBC Sport)


ចែករំលែក៖