ភ្នំពេញ ៖ ជើងខ្លាំងប្រើហិង្សាលើអ្នកដទៃ ត្រឹមរឿងបើកបរម៉ូតូ សាចទឹកប៉ះបន្តិចសោះ អាចសមត្ថកិច្ចប្រមាញ់យកមកវាស់កម្ពស់ថ្ងៃនេះហើយមើលទៅ ?
សូមបញ្ជាក់ថា : នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការបង្ហោះព្រោងព្រាត ពីសកម្មភាពបុរសម្នាក់ ដែលបានប្រើអំពើហិង្សា ទៅលើអ្នកដំណើរ គ្រាន់តែរឿងសាចទឹកបន្តិចបន្តួចសោះ គ្មានកត្តាយោគយល់ ទោះជាជនរងគ្រោះ សុំទោសយ៉ាងណាក៏ដោយ ក៏បុរសជើងខ្លាំងរូបនោះ នៅតែប្រើអំពើហិង្សា ផ្អើលដល់អ្នកធ្វើដំណើរកាលពីម្សិលមិញ ។
សកម្មភាពទាំងនេះ អាចកើតមាននៅក្នុងមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា (Eli Mean) បានបង្ហោះយ៉ាងដូច្នេះថា : ផ្លូវលិចទឹកហើយជិះសាចទឹកដាក់តិចសោះបងស្រីនឹងប្អូនប្រុសក៏បានសុំទោសហើយនិយាយស្រួលជាមួយដែលតែពូនឹងដឹងមិចទេនិយាយមិនចេះស្តាប់ហើយចង់តែលើកដៃវៃនឹងប្រើពាក្យសម្តីជេរបងស្រីហៅងែងពេញមាត់ ហើយខ្ញុំក៏បានជិះផ្លូវជាមួយពួកគាត់ដែលតែទឹកលិចខ្លាំងហើយម៉ូតូច្រើនហើយក៏សាចទឹកដាក់ គ្រាន់តែរឿងពិននឹងសោះហេតុអីមិនចេះអធ្យាស្រ័យឲ្យគ្នា។
ពាក់ព័ន្ធក្នុងករណីនេះ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ចាម ក៏បានស៊ែរផងដែរ។
ដោយឡែកលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបង្ហោះលើ facebook របស់ខ្លួនយ៉ាងដូច្នេះថា : ករណីខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានទទួលពាក្យបណ្តឹងរួចរាល់ហើយ នឹងកំពុងបន្តនីតិវិធី ។
សង្ឃឹមថាសមត្ថកិច្ច នឹងដំណើរការនីតិវិធី ឃាត់ខ្លួនជនសង្ស័យបង្កហេតុ រូបនេះ យកមកធ្វើការសាកសួរ វាស់កម្ពស់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ដោយ៖ សិលា